ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ មិនព្រមរៀបការ(ត)

ចែករំលែក៖

ក្រុមរបស់ខ្ញុំទាំង ៧ នាក់ត្រូវបានក្រុមកងឈ្លបទាំងពីរនាក់បណ្ដើរដោយភ្ជង់កាំភ្លើងពីក្រោយតម្រង់មកបន្ទាយសន្តិសុខបាក់អាយ។ ទោះបីជាត្រូវកាំភ្លើងភ្ជង់ពីក្រោយខ្នងក៏ដោយ ក៏ខ្ញុំដឹងថាជីវិតពួកយើងបានរួចផុតពីក្តីស្លាប់ហើយ។ ខ្ញុំធ្លាប់ដឹងថា ពូសាឡាត់នៅមន្ទីរសន្តិសុខបាក់អាយនិងម្យ៉ាងទៀតប្រធានបន្ទាយ គឺជាមនុស្សដែលមានអធ្យាស្រ័យខ្លះដែរ។

   មកដល់បន្ទាយបាក់អាយហើយ ខ្ញុំឃើញពូសាឡាត់នៅលើអង្រឹង។ គាត់ដឹងថាគឺជាខ្ញុំ ព្រោះឃើញពន្លឺចាំងព្រិចៗពីនាឡិកាដែលខ្ញុំពាក់ត្បិតនាឡិកានេះ គឺគាត់ជាអ្នកឱ្យខ្ញុំកាលពីមួយឆ្នាំមុន។ ពូសាឡាត់ បានឱ្យគេហៅខ្ញុំចូលក្នុងមន្ទីររបស់គាត់ដើម្បីសម្រាក។ មិត្តរបស់ខ្ញុំទាំង ៦ នាក់ខឹងខ្ញុំផង អរគុណខ្ញុំផងដែរ។ នេះគឺជាលើកទីមួយនៅក្នុងជីវិតដែលពួកយើងត្រូវយកអាយុជីវិតមកធ្វើជាដើមទុនដូច្នេះនោះ។

   ព្រលឹមឡើងលោកពូសាឡាត់បានសាកសួរខ្ញុំថា តើនៅមន្ទីរពេទ្យមានរឿងអ្វីកើតឡើងទៅ? គេបង្ខំឲ្យខ្ញុំរៀបការជាមួយយោធា បើខ្ញុំមិនព្រមទេអង្គការនឹងសម្លាប់ខ្ញុំចោល។ ខ្ញុំមិនស្រឡាញ់យោធាម្នាក់នោះផង តើឱ្យខ្ញុំរៀបការយ៉ាងម៉េចទៅពូ? ខ្ញុំតបទៅគាត់ទាំងក្តីព្រួយបារម្ភផងនិងខឹងជាមួយអង្គការផង។ លោកពូសាឡាត់ឮហើយគាត់ដកដង្ហើមធំ ប៉ុន្តែគាត់មិនបាននិយាយអ្វីទៀតឡើយ។ បន្ទាប់មកយើងបានឃើញយោធាម្នាក់ស្រង់ប្រវត្តិរូបរបស់ពួកយើងទាំង ៧ នាក់។ បន្តិចក្រោយមកនាយយោធាប្រចាំបន្ទាយក៏បានមកដល់ព្រោះមន្ទីររបស់លោកពូសាឡាត់និងបន្ទាយយោធានៅឃ្លាតឆ្ងាយពីគ្នាត្រឹមតែ ២០០ ម៉ែត្រតែប៉ុណ្ណោះ។ ពេលនោះស្រាប់តែនាយយោធានោះភ្ញាក់ព្រឺតហើយនិយាយឡើងថា អ្ហាក! គឺណានទេតើ ហើយយ៉ាងម៉េចបាននាំគ្នារត់ចោលមន្ទីរពេទ្យទាំងយប់?ហើយហ៊ាប សមាន និងកើតអ្វីលើពួកក្រមុំពេទ្យទាំងអស់? ហេតុអ្វីបានជានាំគ្នារត់ចោលមន្ទីរពេទ្យ? តើបានអ្នកណានៅព្យាបាលអ្នកជំងឺទៅ ? ខ្ញុំបានឆ្លើយមុនគេថា អង្គការបង្ខំឲ្យរៀបការហើយអ្នកដែលខ្ញុំត្រូវរៀបការនោះជាមនុស្សដែលខ្ញុំមិនស្រឡាញ់តើខ្ញុំយកធ្វើម៉េចទៅ? លោកពូអ៊ន់ឯងជួយគិតមើល ? ធ្វើម៉េច? បើមិនព្រមរៀបការគឺក្បត់អង្គការហើយ។ គាត់និយាយហើយក៏ដើរចេញពីផ្ទះនោះភ្លាម។ នេះគឺជាសញ្ញាមួយបង្ហាញថា គាត់មិនចង់ឲ្យអ្នកផ្សេងដឹងទៀតទេថា គាត់កំពុងតែយោគយល់ដល់ពួកខ្ញុំ។

   បន្តិចក្រោយមកមានយោធាម្នាក់ទៀតបានមកប្រាប់ខ្ញុំថាពួកខ្ញុំត្រូវឃុំខ្លួននៅក្នុងផ្ទះនេះចំនួន ៣ថ្ងៃ ៣ យប់ទៀត។ បើបញ្ជូនទៅកាន់ស្ថាប័នចាស់វិញនោះនឹងនាំឲ្យមានរឿងវែងឆ្ងាយតទៅទៀត។ គាត់ត្រឹមតែឃុំពួកយើងបីថ្ងៃប៉ុណ្ណោះ គឺពិតជាធូរស្រាលច្រើនមែនទែន។ រយៈពេលបីថ្ងៃនេះពួកយើងបានហូបបាយស្រាប់គឺស្រួលមែនទែន។ យើងពិបាកត្រង់ថា មិនបានងូតទឹកឲ្យបានស្រួលហើយពេលយើងបត់ជើងគឺត្រូវមានកងយោធាតាមជាប់ជានិច្ច។ បីថ្ងៃកន្លងផុតទៅខ្ញុំមិនដឹងថាដំណើរការនៃការស៊ើបរឿងរ៉ាវរបស់ពួកយើងយ៉ាងណានោះទេ។ ពួកយើងទាំងបីនាក់បានទទួលបទបញ្ជាថ្មីមួយទៀត។ នៅក្នុងបន្ទាយការងារដែលយើងត្រូវធ្វើប្រចាំថ្ងៃនោះ គឺព្រលឹមឡើងងើបដាំបាយស្លឲ្យកងទ័ពខ្មែរក្រហមទាំងអស់និងអ្នកមុខអ្នកការថ្នាក់ស្រុកដែលឧស្សាហ៍មកបន្ទាយដែរ។ ពេលថ្ងៃ និងពេលល្ងាចយើងក៏ត្រូវដាំបាយស្លដែរ។ ទាំងអស់នេះគឺជាកិច្ចការយ៉ាងងាយស្រួលបំផុតដែលប្រជាជនឯទៀតសម្លឹងឃើញចង់ធ្វើ។ នៅពេលនោះប្រជាជនម្នាក់ៗ ត្រូវរែកពន់នូវការងារធ្ងន់ៗ ដូចជា លើកទំនប់ជីកប្រឡាយនៅខាងលិចភូមិស្ទឹងនិងទំនប់បាក់អាយនេះជាដើម។ ប្រជាជនម្នាក់ៗតែងតែគិតថាកិច្ចការដាំស្លរ គឺជាកន្លែងខ្លាំងព្រោះវាជាការងារស្រួលផង និងបានហូបចុកគ្រប់គ្រាន់ដែរ។

   រស់នៅក្នុងបន្ទាយយោធាមិនបានប៉ុន្មានផង ក្រុមរបស់ខ្ញុំត្រូវយោធាខ្មែរក្រហមដែលទើបមកពីសមរភូមិចាប់អារម្មណ៍។ ខ្ញុំមិនបានដឹងថា មិត្តរបស់ខ្ញុំទាំង ៦នាក់ទៀតយ៉ាងណានោះទេ ប៉ុន្តែខ្ញុំដឹងថា ខ្លួនខ្ញុំត្រូវបានកំលោះម្នាក់ដែលទើបមកពីសមរភូមិចាប់ចិត្តហើយ។ បុរសនោះមានឈ្មោះថា សំអុល។ សំអុលមានរាងខ្ពស់សមរម្យ មានសម្បុរសស្អាត ។ គាត់បានស្នើទៅបញ្ជាការប្រចាំបន្ទាយសុំរៀបការជាមួយខ្ញុំ។ថ្ងៃមួយបន្ទាប់ពីបាយថ្ងៃត្រង់រួច ពូអ៊ន់ដែលជាមេបញ្ជាការប្រចាំបន្ទាយ បានហៅខ្ញុំឲ្យទៅជួបនៅតុបាយរបស់គាត់តែម្ដង។ ខ្ញុំហាក់ដូចជាឆ្ងល់បន្តិច ភ័យអរបន្តិច មិនដឹងថាមានរឿងអ្វីកើតឡើងចំពោះខ្ញុំទៀតហើយនោះទេ។ ខ្ញុំឈរដួសបាយដាក់ចានឱ្យគាត់រួចហើយងាកទៅអង្គុយនៅកៅអីមួយទៀតក្បែរនោះដែរ។

   ពូអ៊ន់ បានចាប់ផ្ដើមនិយាយជាមួយខ្ញុំថា ណានឯងដឹងទេ អន្ទិតសំអុលបានស្នើឯងរៀបការហើយណា តើឯងគិតយ៉ាងម៉េចដែរ? ខ្ញុំឆ្លើយតបទៅគាត់វិញថា តើលោកពូឲ្យខ្ញុំទទួលយកគាត់ម្ដេចនឹងកើតទៅបើគាត់និយាយត្រដិតរកស្ដាប់មិនបានបែបនេះនោះ។ ខ្ញុំបានដឹងខ្លះហើយតាមរយៈកាយវិការនិងទឹកមុខរបស់មិត្តអុលនេះ គឺគេច្បាស់ជាស្រឡាញ់ខ្ញុំហើយ។ អើ! គ្រាន់តែប្រាប់ឲ្យដឹងថាអុលស្នើសុំរៀបការនឹងក្មួយឯងហើយ ព្រមឬមិនព្រមពូក៏មិនហ៊ានបង្ខំដែរ។ ខ្ញុំនឹងពូអ៊ុនកំពុងនិយាយមិនបានប៉ុន្មានម៉ាត់ផងនាយសំអុល ក៏មកដល់ល្មមហើយចាប់ផ្ដើមនិយាយឡើង។ (នៅមានត)


ចែករំលែក៖