ភ្នំពេញ៖ រថយន្ដម៉ាកAUDI Q7 មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់បានបុកជាមួយរថយន្ដស៊េរីទំនើប ម៉ាកMODEL Y បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខរថយន្ដទាំងសងខាង ដោយបង្កឡេីងកាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវភ្លោះផ្សារថ្មី លេខ១៣០ កែងនិងផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ដម៉ាកAUDI Q7 មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AW-1668 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះធ្វើដំណើរដល់ចំណុចផ្លូវភ្លោះផ្សារថ្មី ស្រាប់តែមានរថយន្ដស៊េរីមួយទំនើបមួយគ្រឿងម៉ាកMODEL Y ពណ៌ខ្មៅពាក់ផ្លាកលេខ កម្ពុជា ANAN -555 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ និងមានអ្នករួមដំណើរ២នាក់ជាជនជាតិចិននៅខាងក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣០ ទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនតែម្ដង បណ្ដាលឲ្យរថយន្ដទាំង២គ្រឿង ខូចខាតផ្នែកខាងមុខដូចគ្នា ។
ដោយឡែក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកដល់ក៏បានអោយភាគីទាំង២ធ្វើការដោះស្រាយបានមួយសន្ទុះ ក៏ខាងភាគីរថយន្ដ AUDI Q7 សុំយករថយន្ដម៉ាកMODELY ទៅជួសជុលឲ្យដើម្បីបព្ចាប់រឿង ហេីយសមត្ថកិច្ចក៏បានធ្វើក្រដាសកិច្ចសន្យាប្រគល់ឲ្យភាគីទាំង២ ដើម្បីយករថយន្ដទៅជួសជុលតាមសំណេីរផងដែរ ៕
ដោយ៖ ភារ៉ា ដង្កោ