សារព័ត៌មាន AFP នាថ្ងៃទី១៤ខែមករាបានផ្សាយថា នាយករដ្ឋមន្រ្តីនៃប្រទេសរុស្ស៉ី លោក Mikhail Mishustin បានធ្វើដំណើរមកដល់ ប្រទេសវៀតណាមសម្រាប់ការបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ ក្រោមគោលដៅធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពស៉ីជម្រៅ រវាងសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរ ស្របពេលដែលទីក្រុងមូស្គូ នៅតែបន្តរងភាពឯកោ ដោយសារវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។
ដំណើរទស្សនកិច្ចខាងលើកើតមានឡើង រយៈពេលជាងកន្លះឆ្នាំ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានមកបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ ដែលនាពេលនោះ អតីតប្រធានាធិបតីវៀតណាម និងឥឡូវជាអគ្គលេខាធិការបក្សកុម្មុនិសវៀតណាម គឺលោក To Lam បានបង្ហាញពីបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយទីក្រុងមូស្គូ ដែលជាអ្នកផ្គត់ផ្គង់សព្វាវុធចម្បងរបស់វៀតណាម អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
បើតាមកាលវិភាគនៃដំណើរទស្សនកិច្ចនាថ្ងៃអង្គារនេះ លោក Mishustin នឹងត្រូវជួបពិភាក្សាជាមួយ លោក Lam ដែលជាមេដឹកនាំកំពូលរបស់វៀតណាម ព្រមទាំងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh។ បើតាមរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃចន្ទសប្តាហ៍នេះ អគ្គនាយកក្រុមហ៊ុនថាមពលនុយក្លេអ៊ែរយក្សរបស់រុស្ស៉ី Rosatom ក៏បានស្ថិតនៅទីក្រុងហាណូយផងដែរ ហើយបាននិយាយថា រូបលោកត្រៀមខ្លួនជាស្រេច ដើម្បីជួយវៀតណាម សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ។ ប្រទេសទាំងពីរ បានក្លាយជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងគ្នា ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មកម៉្លេះ៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN)