ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! ចំណាយពេលអានបន្តិចដើម្បីកុំឱ្យចាញ់បោកតាមរយៈប្រព័ន្ធ​អ៉ីនធេីណេត​ ពាក់ព័ន្ធ​សេវាផ្តល់ឥណទាន​ ឬកម្ចីអនឡាញខុសច្បាប់ (Loan Shark)

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញពី​វិធីសាស្ត្រក្នុងការការពារខ្លួនអ្នកពីសេវាផ្តល់ឥណទាន​ ឬកម្ចីអនឡាញខុសច្បាប់ (Loan Shark) ។ ជាក់ស្ដែង​ថ្មីៗនេះ វត្តមានក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចបានផ្សព្វផ្សាយឡើងវិញ តាមរយៈប្រព័ន្ធអ៊ីនធឺណិត បិតផ្សាយខិត្តប័ណ្ណនៅតាម ទីសាធារណៈ និងបណ្តាញសង្គមនានា ពីការផ្តល់ឥណទាន ឬកម្ចីអនឡាញខុសច្បាប់។

អគ្គនាយកដ្ឋាន​បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ​ បានបញ្ជាក់ថា​ ល្បិចឆបោករបស់ក្រុមហ៊ុន និងបុគ្គលខិលខូច មានដូចជា៖

*១ ការអូសទាញ និងបញ្ចុះបញ្ចូលជនរងគ្រោះឲ្យខ្ចីប្រាក់ ដោយសន្យាផ្តល់ប្រាក់ងាយស្រួល និងមិនទាមទារឯកសារច្រើន

*២ អត្តសញ្ញាណប័ណ្ណ នឹងចរៀបំពេញលក្ខខណ្ឌមួយចំនួនមុននឹងទទួលបានកម្ចី ដូចជា តម្រូវឲ្យបង់សេវារដ្ឋបាល បរូប

*៣ ការគំរាមកំហែងយកប្រាក់ ឬបង្ខំជនរងគ្រោះឲ្យសងប្រាក់ជាមួយនឹងការប្រាក់ខ្ពស់

*៤ ក្រុមបក្ខពួកជនខិលខូចលួងលោមជនរងគ្រោះ ឲ្យខ្ចីប្រាក់បន្ថែម ដើម្បីដោះស្រាយបំណុលចាស់ជាមួយលក្ខខណ្ឌងាយៗ ដើម្បីឱ្យជនរងគ្រោះធ្លាក់ក្នុងអន្លាក់ពុំអាចដកខ្លួនរួច

*៥ ការគំរាមកំហែងធ្វើបាបក្រុមគ្រួសារ សាច់ញាតិ ឬគំរាមបង្ហោះរូបភាពអាក្រាតកាយរបស់ជនរងគ្រោះនៅលើបណ្តាញ សង្គមនានា ឬតាមទីសាធារណៈជាដើម។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋសារជាថ្មី ឱ្យមានការប្រុងប្រយ័ត្នចំពោះសេវា ផ្តល់ឥណទាន ឬកម្ចីអនឡាញខុសច្បាប់កម្ចី តាមវិធីសាស្ត្រដូចខាងក្រោម៖

១,​ ចៀសវាងការខ្ចីឥណទានពីក្រុមហ៊ុន ឬបុគ្គល ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ

២, សិក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា មុននឹងសម្រេចចិត្ត ទទួលប្រាក់កម្ចី

៣, រាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ឬរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា ប្រសិនបើអ្នក ឬសាច់ញាតិជាប់ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់។

** លេខទំនាក់ទំនងសម្រាប់រាយការណ៍ទៅធនាគារជាតិនៃកម្ពុជា៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០ ។ សម្រាប់លេខទំនាក់ទំនងខាងលើនេះ ប្រជាពលរដ្ឋក៏អាចប្រឹក្សាយោបល់ សាកសួរពីចម្ងល់ និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនានាផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖