ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ផ្លូវនៅខេត្តកំពតធ្វើជាប់ជាងគេ

ចែករំលែក៖

ប្រជាពលរដ្ឋអ្នកធ្វើដំណើរកាត់ទឹកដីខេត្តកំពតបាននិយាយស្រដៀងគ្នាថា ផ្លូវជាតិសំខាន់ៗក្នុងខេត្តកំពតខូចខាតស្ទើរគ្រប់កន្លែង ហើយក៏ឃើញក្រុមមន្ត្រីមន្ទីរសាធារណការជួសជុលរាល់ថ្ងៃដែរ ប៉ុន្តែធ្វើខាងមុខ ខូចខាងក្រោយ ។ ធ្វើរាល់ថ្ងៃ ចំណូលក៏បានរាល់ថ្ងៃដែរ ។ ហេតុដូច្នេះហើយបានជាក្រុមមន្ត្រីមន្ទីរសាធារណការខេត្តកំពតអះអាងថា ការធ្វើផ្លូវរាល់ថ្ងៃ គឺជាប្រភពចំណូលដ៏សំខាន់របស់លោកប្រធានមន្ទីរ ។

លោក លឹម សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតត្រូវគេរាយការណ៍ថា បានទទួលផលប្រយោជន៍ ក្បៀសច្រើនពីការជួសជុលផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពត ។ ក្រុមមន្ត្រីនៅអង្គភាពនេះនិយាយថា មានមនុស្សមិនច្រើនទេ ដែលលោកប្រធានមន្ទីរប្រើដើម្បីឲ្យធ្វើការដែលមានផលប្រយោជន៍ ។ ក្រៅពីការងារជួសជុលផ្លូវដដែលៗ ក៏មានបញ្ហានៃការថែទាំផ្លូវ, ការជួសជុលអគារនៅមន្ទីរ, ការចំណាយផ្នែករដ្ឋបាល ក៏ដូចជាថវិកាបេសកកម្មជាដើម ត្រូវគេមើលឃើញថា ក្រុមលោក លឹម សំបូរ ទទួលបានផលប្រយោជន៍ស្ងាត់ស្ងៀមច្រើនជាងគេ ។

ករណីអំពើពុករលួយនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតត្រូវគេអះអាងថា កើតមានយូរឆ្នាំមកហើយ ក្នុងតំណែងដុះស្លែរបស់លោក លឹម សំបូរ ។ គេគួរតែជម្រុញឲ្យមានការផ្លាស់ប្តូរតំណែងប្រធានមន្ទីរដែល លោកលឹម សំបូរកាន់កាប់ស្ទើរតែជិត២០ឆ្នាំទៅហើយនោះ ។ បើមិនដូច្នោះទេ វាក្លាយទៅជាអំពើពុករលួយ ដែលមិនអាចដុសខាត់បាន ហើយលោកលឹម សំបូរ នៅតែអាចប្រព្រឹត្តអំពើពុករលួយបានដដែល ។ ផ្ទុយទៅវិញ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវជាតិក្នុងមូលដ្ឋានខេត្តកំពត ពិតជាត្រូវបន្តជួសជុលគ្មានទីបញ្ចប់ ។ រីឯមន្ត្រីដែលមិនមែនជាខ្សែរបស់លោកលឹម សំបូរ បានត្រឹមឈរឱបដៃមើលមេរបស់ខ្លួនពុករលួយប៉ុណ្ណោះ ៕

 

 
សូមអានបន្ត ៖ ​ឆេះ​រោងចក្រ​កែច្នៃ​កៅស៊ូ TK ទាំង​ព្រឹក នៅ​ស្រុក​ពញាក្រែក


ចែករំលែក៖