ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស២នាក់បានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះ ដែលបង្កឡើងដោយរថយន្តកាមរីឆ្លាមបើកបរក្នុងល្បឿនលឿនដូចហោះនៅក្នុងក្រុង ក៏បានជ្រុលទៅបុកម៉ូតូរួចហោះទៅបុកបន្តរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរបួសរដូករណែល និងរងការខូចខាតមធ្យោបាយធ្វើដំណើរផងដែរ ប៉ុន្តែគិតមកដល់ត្រឹមថ្ងៃនេះ១សប្ដាហ៍គត់គេមិនទាន់ឃើញភាគ្គីបង្កចូលខ្លួនមកដោះស្រាយនៅឡើយទេ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុបានលើកឡើងស្រឌៀងៗគ្នាថាមុនដំបូងគេឃើញបុរស២នាក់ធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៏ខ្មៅ គ្នានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីទៅលិច លុះមកដល់ចំណុចខាងលើមិនដឹងយ៉ាងម៉េចស្រាប់តែម៉ូតូដួលកណ្ដាលទ្រូងផ្លូវ គ្រានោះស្រាប់តែមានរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2D-4472 ដែលកំពុងបោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះមកពីទិសខាងលិចទៅកើតបានបុកពេញទំហឹង រួចរេចង្កូតមកឆ្វេងដៃបន្តទៅមុខជិត១០០ម៉ែត្រទៀតក៍បុករថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2D 9141 ពេញទំហឹងបន្ថែមទើបអស់ខ្យល់ ដែលកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នាពីកើតទៅលិច បណ្ដាលឲ្យបុរសភាគ្គីម៉ូតូរងរបួសចំនួន២នាក់និងរងការខូចខាតម៉ូតូចំនួន១គ្រឿង,រថយន្តចំនួន២គ្រឿងផងដែរ។
សមត្តកិច្ចនគរបាលចរាចរណ៏ក្រុងពោធិ៍សាត់បានឲ្យដឹងថាជនរងរបួសភាគ្គីម៉ូតូទី១-ឈ្មោះ គង់ ខេមរិទ្ធ អាយុ ២៨ឆ្នាំ រស់នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់(បើកម៉ូតូ)និងអ្នករួមដំណើរឈ្មោះ កុយ អាយុ ៣០ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា។ – ប្រភពពីនគរបាលបន្តថាអ្នកបើកបររថយន្តបង្កឈ្មោះ ឈុន វីរ៉ា អាយុ ៥២ឆ្នាំ (រស់នៅរាជធានីភ្នំពេញ)។ ចំណែកអ្នកបើកបររថយន្តសាំយ៉ុងឈ្មោះ ទូច ស៊ីថា អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រភពដដែលបន្តទៀតថាវត្ថុតាងម៉ូតូចំនួន១គ្រឿងនិងរថយន្តចំនួន២គ្រឿង ដែលរងការខូចខាតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរងចាំធ្វើការដោះស្រាយបន្តតាមនីតិវិធី ប៉ុន្តែបើគិតមកដល់ត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ គឺមានរយៈពេលមួយសប្ដាហ៍ហើយពុំទាន់ឃើញភាគ្គីណាមកសម្របសម្រួលគ្នានៅឡើយទេ។
គួររំលឹកថាហេតុការណ៏នេះបានកើតឡើងតាំងពីវេលាម៉ោង២០និង៤០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦មកម្លេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ៕ ប៉ឹម ពិន