ភ្នំពេញ៖ លោក ឧត្តមសេនី ទោ ជាមសុភា អគ្គលេខាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងប្រាប់នាព្រឹកមិញថា ការប្រកួតវាយសីដណ្តើមពានរង្វាន់ លោក ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីនោះ នឹងដំណើរការប្រកួតជាផ្លូវការចាប់ពីថៃ្ង ទី១១ រហូតដល់ថៃ្ងទី១២ ខែកញ្ញា ឆ្នាំ២០១៦ ទើបបញ្ចប់ការប្រកួត ។
លោក ឧត្តមសេនី ទោ ជាមសុភា អោយដឹងទៀតថា នេះជាលើកទី៣ហើយ សម្រាប់ការប្រកួតវាយសីដណ្តើមពានរង្វាន់ លោក ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដែលការប្រកួតនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសអោយកីឡាករ កីឡាការិនីបានជួបប្រកួតគ្នាដើម្បីបង្កើននូវសមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់កន្លងមក ពិសេស គឺជាការចូលរួមចំណែកជម្រុញលើកកម្ពស់ដល់សុខភាព និងសាមគ្គីភាព មិត្តភាព ។
លោក បញ្ជាក់ទៀតថា ការប្រកួតនេះ មាន៥វិញ្ញសារដាក់អោយប្រកួត ក្នុងនោះមានដូចជាវិញ្ញាសារ វិញ្ញាសារប្រកួតឯកក្តជនបុរស អាយុ៣៩ឆ្នាំចុះ វិញ្ញាសារវាយគូបុរសអាយុ៣៩ឆ្នាំចុះ វិញ្ញាសារនារីវាយគូរមិនគិតអាយុ ។ វិញ្ញាសារវាយគូរបុរស៤០ទៅ៥០ឆ្នាំ និងវិញ្ញាសារវាយគូរបុរសអាយុ៥០ឆ្នាំឡើង។
លោក ឧត្តមសេនី ទោ ជាមសុភា បន្ថែមទៀតថា មូលហេតុដែលសហព័ន្ធដាក់អោយមានវិញ្ញាសារចាស់ៗចូលរួមប្រកួតនេះ គឺសហព័ន្ធយល់ឃើញថា មានតែកីឡាករ វ័យចាស់ៗទេ ដែលជាអ្នកនាំក្មេង និងជួយផុសដល់កីឡាក្មេងៗ ទើបធ្វើអោយកីឡាមួយនេះអាចរីកចំរើន ពោលគឺចាស់គឺជាគំរូដែលនាំអោយក្មេងខិតខំហ្វឹកហាត់ ៕ សារីម