ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងផ្ទេរសត្វជ្រូករស់មួយកន្លែងពីប្រទេសថៃបង្ហូរលាមកជ្រូកចូលអូរនិងវះជ្រូកងាប់ក្លាសេ្ស

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ទីតាំងផ្ទេរសត្វជ្រូកពីរថយន្តនាំចូលមកពីប្រទេសថៃ ជ្រកក្រោមស្លាកយីហោ(ខារ៉ាអូខេជំនោរជាយដែន) ប្រជាពលរដ្ឋចោទថាបានបង្ហូរទឹកលាមកជ្រូកចូលទៅក្នុងអូរលើសពីនោះគឺមានការវះយកសាច់សត្វជ្រូកដែលងាប់ទៅក្លាសេ្សទុកសម្រាប់ដឹកលក់ចែកចាយថែមទៀត ផង ។ ទីតាំងផ្ទេរប្តូរសត្វជ្រូកខាងលើ ស្ថិត នៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុក សំពៅលូន ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើបានបង្ហូរទឹកលាងលាមកជ្រូកចូលទៅក្នុងអូរ និងមានជ្រូកងាប់វះក្លាសេ្សទឹកកកដឹកលក់ចែកចាយតាមបណ្តាខេត្ត ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកអូរ និងហូបសាច់ជ្រូកងាប់ខូចគុណភាពទាំងនេះ ។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ ប្រជាពលរដ្ឋ លោក ខុម ឃីម មេការមើលខុសត្រូវកម្មករ និងសត្វជ្រូកនៅទីតាំងខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងថា រឿងបង្ហូរ លាមកជ្រូកចូលក្នុងអូរគឺមិនមានទេព្រោះទឹកអូរនោះ ពួកគាត់ក៏ប្រើប្រាស់ដែរ តែបើការបង្ហូរទឹកបាញ់លាងជ្រូកចូលគឺមានពិតមែន ។ ចំណែកឯរឿងថា មានសត្វជ្រូក ងាប់គឺមានងាប់មែន គឺងាប់នៅលើរថយន្តពេលថៃដឹកមកឲ្យហើយក៏វះក្លាសេ្សទឹកកកដឹកទៅភ្នំពេញមិនមែនលក់នៅក្នុងខេត្តនេះទេ ។

លោក ប៉ែន ស៊ីថា ប្រធានការិយាល័យ ពេទ្យសត្វ ខេត្តបាត់ដំបង ពាក់ព័ន្ធទៅនឹងករណីខាងលើលោកបានប្រាប់ថា ធម្មតា សត្វជ្រូកងាប់ដាច់ខាតត្រូវតែឲ្យខាងភាគីថៃដឹកត្រឡប់ទៅវិញ ប៉ុន្តែប្រសិនបើមានជ្រូកងាប់ហើយវះដឹកយកទៅចែកចាយលើទីផ្សារនោះ គឺមិនអនុញ្ញាតទេ ប្រសិន បើមានដូច្នេះមែន លោកនឹងឲ្យមន្ត្រីជំនាញ របស់លោកចុះទៅមើល ។

ចំណែកលោក ជា សម្បត្តិ អភិបាល ស្រុកសំពៅលូន ខាងសារពត៌មានយើង មិនអាចសុំការបំភ្លឺបានទេ ព្រោះលេខទូរ ស័ព្ទមិនអាចទាក់ទងបាន ៕ ហេង នរិន្ទ្រ

 

11 (1) 11 (2)

 


ចែករំលែក៖