ព័ត៌មានទាន់ហេតុការណ៍៖

មធ្យោបាយដឹកជញ្ជូនមួយចំនួននៅរាជធានីភ្នំពេញពុំទាន់បិទចំណាំងផ្លាតសុវត្ថិភាពចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ ចំណាំងផ្លាតសុវត្ថិភាព ចរាចរណ៍ចំនួន៣លាន៤សែនបន្ទះ ត្រូវ បានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីដើម ខែសីហា ឆ្នាំ២០១៦កន្លងទៅ ប្រកាសផ្ដល់ជូនគ្រប់មធ្យោបាយទាំងអស់ទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាពេលយប់ ។

យុទ្ធនាការចែកជូនចំណាំងផ្លាតសុវត្ថិភាពចរាចរណ៍ ត្រូវបានគ្រប់បណ្ដាខេត្តក្រុងមួយចំនួន ផ្ដល់ជូនដោយឥតគិតថ្លៃ ប៉ុន្តែ ទន្ទឹមនេះ ក៏នៅមានមធ្យោបាយខ្លះនៅពុំទាន់បានបិទនៅឡើយទេ ។
តាមការសង្កេតនិងផ្តិតយករូបភាពជាក់ ស្ដែងមធ្យោបាយមួយចំនួនក្នុងរាជធានី ភ្នំពេញនៅពុំទាន់បិទចំណាំងផ្លាតសុវត្ថិភាព ចរាចរណ៍ ដែលនេះជាកត្តាមួយនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នាពេលយប់ផងដែរ ។

អាជ្ញាធរត្រូវផ្ដល់ជូន ឬ ក៏ប្រជាពល រដ្ឋខ្លួនឯង គប្បីស្វះស្វែងរកចំណាំងផ្លាត សុវត្ថិភាពចរាចរណ៍នេះ ដើម្បីបិទក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែល បញ្ហានេះជាក្ដីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៤៤ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ថា ចំណាំងផ្លាតទាំង៣លាននិង៤សែន បន្ទះនឹងត្រូវចែកជូនដោយឥតគិតថ្លៃ សម្រាប់បិទខាងក្រោយទោចក្រយានយន្ត, រ៉ឺម៉ក, ម៉ូតូកង់បី, រទេះគោ, គោយន្ត និង គ្រឿងចក្រកសិកម្មគ្រប់ប្រភេទនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់ ។

ជាមួយគ្នានេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ដាំមន្ត្រីថ្នាក់មូលដ្ឋានមិនឲ្យទទួលឬទារយកថវិកាពីប្រជាពល រដ្ឋឡើយ ដោយសម្ដេចព្រមានថា បើមានមន្ត្រីណាម្នាក់យកប្រាក់ថ្លៃចំណាំងផ្លាតនេះពីប្រជាពលរដ្ឋនោះពួកគេនឹងត្រូវរង ការចាប់ខ្លួននៅនឹងកន្លែងភ្លាមៗ ៕ ហេង នរិន្ទ្រ

2 (1)


ចែករំលែក៖