ខេត្តក្រចេះ ៖ សាឡង់បូមខ្សាច់ដ៏ធំរបស់ក្រុមហ៊ុនឯកជនមួយ ដែលបានបោះទីតាំងធ្វើសកម្មភាពបូមខ្សាច់ពីបាតន្លេមេគង្គនៅក្បែរកន្ទុយកោះទ្រង់ ក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះព្រមផ្លាស់ប្តូរទីតាំងបូមទៅតាមការស្នើសុំរបស់ពលរដ្ឋដែលរស់នៅលើ តំបន់ទេសចរណ៍កោះទ្រង់មួយនេះ ។
ប្រធានសហគមន៍ទេសចរណ៍កោះ ទ្រង់ លោក ប៊ុន បាន បានឱ្យដឹងថា ការ ផ្លាស់ប្តូរទីតាំងបូមខ្សាច់នេះ គឺធ្វើឡើង ក្រោយពីមានការស្នើសុំពីពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅលើតំបន់ទេសចរណ៍ កោះទ្រង់ទល់មុខក្រុងក្រចេះ ដោយព្រួយ បារម្ភខ្លាចបាក់ដីកោះពីការធ្វើអាជីវកម្មបូមខ្សាច់ទ្រង់ទ្រាយធំនៅក្បែរកន្ទុយកោះទ្រង់ ។
លោកបានបន្តថា ក្រោយពីមានការ ស្នើសុំពីពលរដ្ឋឱ្យមានការផ្លាស់ប្តូរទីតាំងបូមខ្សាច់នេះ គឺមានមន្ត្រីជំនាញរបស់មន្ទីររ៉ែនិងថាមពលខេត្តបានចុះទៅជួបប្រជុំជាមួយពលរដ្ឋ ហើយខាងមន្ទីរបានយល់ព្រមទៅតាមសំណើពលរដ្ឋ ហើយបានឱ្យ សាឡង់មូនខ្សាច់នេះ ផ្លាស់ប្តូរទីតាំងពី កន្លែងចាស់ដែលធ្លាប់បូមនៅក្បែរកន្ទុយកោះឱ្យបូមថយចុះទៅក្រោមដែលមាន ចម្ងាយពីកន្ទុយកោះទ្រង់ប្រវែង១ពាន់ ម៉ែត្រ ។ តែទោះយ៉ាងណាប្រធានសហ គមន៍បាននិយាយសង្កត់ធ្ងន់ថា ទោះបីជា សាឡង់បូមខ្សាច់នោះបានទៅបូមនៅខាងក្រោមដីកោះក៏ដោយក៏ពួកគាត់នៅតែឃ្លាំមើលហើយបើសិនជាសាឡង់បូមខ្សាច់និងមិនគោរពទៅតាមគោលការណ៍របស់ពលរដ្ឋទេនោះពលរដ្ឋមានសិទ្ឋិប្តឹងបញ្ឈប់មិនឱ្យគាត់បូមតែម្តង ។
លោកបានរំលឹកថា កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅនេះ ក្រោយពីសាឡង់បូមខ្សាច់មួយគ្រឿងដ៏ធំបានមកបោះទីតាំងបូមខ្សាច់ពីបាតទន្លេមេគង្គនៅក្បែរនឹងកន្ទុយកោះទ្រង់ពលរដ្ឋបានសម្តែងការព្រួយ បារម្ភ ខ្លាចបាក់ច្រាំងដីកោះបង្កផលប៉ះពាល់ផ្ទះសម្បែងពលរដ្ឋនិងអាចបង្កហានិភ័យផ្សេងៗទៀតនៅពេលខាងមុខ ។ ជាង នេះទៀតពលរដ្ឋអះអាងថា អាជីវកម្មបូម ខ្សាច់នេះនឹងបណ្តាលឱ្យប្រែប្រួលឆ្នេរខ្សាច់កោះទ្រង់ ដែលទាក់ទាញភ្ញៀវទេសចររាប់ ម៉ឺននាក់នៅរដូវប្រាំងរាល់ឆ្នាំនិងអាចបាក់ដីកោះផ្នែកណាមួយនៅពេលខាងមុខជាក់ ជាមិនខាន ។
នាយការិយាល័យធនធានរ៉ែនៃមន្ទីរ រ៉ែនិងថាមពលខេត្តក្រចេះ លោក រ័ត្ន តុលា បានឱ្យដឹងថា អាជីវកម្មបូមខ្សាច់នេះ គឺមានច្បាប់ពីក្រសួងក្រោមអាជ្ញាបណ្ណរបស់លោក មៀច ម៉ុច ហើយក្រសួង ជាអ្នកផ្តល់ទីតាំង កំណត់ ហើយការបូមនេះគឺបូមយកទៅចាក់បំពេញលុបបឹងនៅខាងក្រោយទីប្រជុំជនក្រុងក្នុងសង្កាត់អូរប្ញស្សី ដើម្បីពង្រីក្រុង ។
យ៉ាងណាក៏ដោយ បើតាមការលើកឡើងពីពលរដ្ឋមួយចំនួននៅក្រុងក្រចេះបាន និយាយថា ការបូមខ្សាច់ពីបាទទន្លេនៅក្បែរនឹងកោះទ្រង់ដែលមានចំនួនរាប់ម៉ឺនម៉ែត្រគូបក្នុងមួយៗថ្ងៃ គឺបូមយកទៅចាក់បំពេញលុបបឹងមួយចំនួននៅខាងក្រោយទីប្រជុំ ជនក្រុងក្រចេះ ដើម្បីពង្រីកក្រុងនិងដើម្បីពុះដីជាឡូធ្វើអាជីវកម្ម ។ ជាងនេះទៀតដីនៅ តំបន់នោះភាគច្រើនជាដីរបស់មន្ត្រីរាជការថ្នាក់កំពូលៗនៅខេត្តក្រចេះតែម្តង ៕ កោះទ្រុង