ភ្នំពេញ ៖ មន្ត្រីនគរបាលប្រចាំនៅ សាលាដំបូងរាជធានីភ្នំពេញរងការរិះគន់ថា បានដេញអ្នកសារព័ត៌មានចេញពីបរិ វេណតុលាការបើទោះបីអ្នកកាសែតរូបនេះ គ្រាន់តែចូលក្នុងតុលាការដោយមិនផ្តិតយក រូបភាពក៏ដោយ។ ប្រធានតុលាការបញ្ជាក់ ថា អ្នកកាសែតមានសិទ្ធិចូលតុលាការតែហាមផ្តិតយករូបភាពទាំងអស់ក្នុងបរិវេណ ដែលនេះជាបទបញ្ជាផ្ទៃក្នុង ។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ស.ស.ស.ក លោក ហ៊ុយ វណ្ណៈ ថ្លែងថា ករណីនេះអាចជាការមិនយល់គ្នារវាងមន្ត្រីតុលាការនឹងអ្នកសារព័ត៌មានដែលគប្បីរកចំណុចកណ្ដាល ដែលល្អប្រសើរមួយ ។
លោក ទេស ឆាយានាថ ភ្នាក់ងារព័ត៌ មានរបស់ទូរទស្សន៍ BTV News ប្រចាំ ស្ថាប័នតុលាការ ថ្លែងថា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ រូបលោកបានចូលយកព័ត៌មានក្នុងតុលាការដូចសព្វមួយដង។ លោកបានអង្គុយលើបង់ជិតជណ្ដើរដើរទៅលើអគារតុលាការតែម្នាក់ឯង ។
មួយសន្ទុះក្រោយមកឃើញមន្ត្រីនគរ បាលវ័យចំណាស់ម្នាក់បានស្រែកពីចម្ងាយ ក្នុងអាកប្បកិរិយាមួយមិនសមរម្យថា “ចេញពីតុលាការ “។ លោក ឆាយានាថ ឆ្លើយតបវិញក្នុងនាមជាអ្នកស្គាល់គ្នាថា “ខ្ញុំមិនថតរូបទេពូ” តែនគរបាលចំណាស់នោះនៅតែស្រែកឲ្យចេញពីតុលាការទាំង ក្នុងចំណោមខ្សែភ្នែកមហាជន ។ ក្រោយ មកលោកឆាយានាថ បានដើរចេញពីបរិ វេណតុលាការតាមការស្រែកបញ្ជាឲ្យ ចេញពីសំណាក់មន្ត្រីនគរបាលតុលាការ ដែលជិតចូលនិវត្តន៍រូបនេះ ។
ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ថ្លែងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញាថា អ្នកកាសែត មានសិទ្ធិចូលតុលាការតែហាមផ្តិតយករូបភាពទាំងអស់ក្នុងបរិវេណដែលនេះជាបទបញ្ជាផ្ទៃក្នុង ។
លោក ស៊ុនឡាយ បន្ថែមថា ជាទម្លាប់ របស់អ្នកកាសែតដែលតែងតែចូលក្នុងបរិវេណតុលាការថតរូបភាពទោះបីឃើញបទបញ្ជាផ្ទៃក្នុងក៏ដោយ ។
គេនៅចាំបានថា កាលពីជំនាន់លោក ជីវ កេង ជាប្រធានសាលាដំបូងរាជធានីភ្នំពេញមន្ត្រីនគរបាលប្រចាំតុលាការពុំដែលហាមឃាត់អ្នកសារព័ត៌មានឡើយបើគ្រាន់តែថតរូបនោះដែលនេះបង្ហាញពីការសហការគ្នាល្អរវាងតុលាការនឹងអ្នកសារព័ត៌មាន ។
កាលពីពេលថ្មីៗនេះនគរបាលសាលាដំបូងរាជធានីភ្នំពេញម្នាក់ផ្សេងទៀតក៏ត្រូវបានលោក ប៉ា ងួនទៀង នាយកប្រតិបត្តិ មជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯក រាជ្យរិះគន់ផងដែរថា មានអាកប្បកិរិយាមិនសមរម្យចំពោះរូបលោកដោយរុញច្រានឲ្យចេញពីមុខតុលាការពេលកំពុងផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ។ ប៉ុន្តែកាលនោះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ច្រាន ចោលការលើកឡើងនេះដោយបញ្ជាក់ថា នេះជាការរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយប៉ុណ្ណោះ ។
ពាក់ព័ន្ធករណីនេះលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ស.ស.ស.ក ថ្លែងថា ក្នុងករណីសវនាការជាអសាធាណៈឬ សាធារណៈតុលាការមានសិទ្ធិសម្រេចឲ្យអ្នកសារព័ត៌មានចូលឬមិនចូល ។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះបន្តថា ករណីនេះអាចជាការមិនយល់គ្នារវាងមន្ត្រីតុលាការនឹងអ្នកសារព័ត៌មានដែលគប្បីរកចំណុចកណ្ដាលដែលល្អប្រសើរមួយ ៕ ចេស្តា