ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនាពេលនេះគឺបេក្ខភាពប្រធានាធិបតីដូណាល់ ត្រាំ ទទួលបានការគាំទ្រភាគច្រើនពីម្ចាស់ឆ្នោតឯករាជ្យមិនស្ថិតនៅក្នុងជួរគណបក្សណាមួយនោះឡើយ។
ក្រោយរយៈពេលជាច្រើនសប្តាហ៍បរាជ័យនៅទីបំផុតមហាសេដ្ឋីដូណាល់ ត្រាំ ទទួលបានជោគជ័យជាលើកទីមួយ នៅក្នុងការស្ទង់មតិនាពេលកន្លងមកថ្មីៗនេះបើទោះបីមានសំឡេងប្រកៀកគ្នាក៏ដោយ។
តាមលទ្ធផលស្ទង់មតិរបស់បណ្តាញព័ត៌មានCNN/ORC ដែលបានប្រកាសកាលពីថ្ងៃទី៦ ខែកញ្ញាបង្ហាញឲ្យឃើញថា បេក្ខភាពមកពីគណបក្សសាធារណរដ្ឋទទួលបានការគាំទ្រ៤៥ភាគរយ។ ចំណែកលោកស្រីហ៊ីលឡារី គ្លីនតុន វិញទទួលបានសំឡេងគាំទ្រតែ៤៣ភាគរយប៉ុណ្ណោះ។ ជាមួយនឹងការគាំទ្រប្រកៀកគ្នា ធ្វើឲ្យការប្រជែងតំណែងប្រធានាធិបតីអាមេរិកកាន់តែស្វិតស្វាញជាងមុន។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺលោកដូណាល់ ត្រាំ ទទួលបានការគាំទ្រពីម្ចាស់ឆ្នោតឯករាជ្យ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ នៅក្នុងការស្ទង់មតិមានម្ចាស់ឆ្នោតឯករាជ្យរហូតដល់ទៅ៤៩ភាគរយ និយាយថានឹងបោះឆ្នោតឲ្យលោកដូណាល់ ត្រាំ រីឯលោកស្រីហ៊ីលឡារី គ្លីនតុន វិញទទួលបានតែ២៩ភាគរយប៉ុណ្ណោះ។ ប៉ុន្តែលោកត្រាំ បានធ្វើឲ្យបាត់បង់សំឡេងគាំទ្រពីក្រុមជនជាតិភាគតិចនៅលើទឹកដីអាមេរិក នៅក្នុងនោះមានពលរដ្ឋ ស្បែកខ្មៅ៧១ភាគរយគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន។
នៅក្នុងថ្ងៃជាមួយគ្នានោះដែរ ការស្ទង់មតិរបស់បណ្តាញព័ត៌មានNBC News/ Suvey Monkey បានប្រកាសឲ្យឃើញថា លោកស្រីគ្លីនតុននាំមុខលោកត្រាំ៦ពិន្ទុ គឺទទួលបានសំឡេងគាំទ្រ ៤៨ភាគរយ។ កាលពីចុងសប្តាហ៍កន្លងមកការស្ទង់មតិរបស់បណ្តាញព័ត៌មានរ៉យទ័រក៏បានបញ្ជាក់ផងដែរថា លោកដូណាល់ ត្រាំ ប្រដេញពីក្រោយយ៉ាងកៀក លោកស្រីគ្លីនតុន។ ដូច្នេះជាការពិបាកដើម្បីបញ្ជាក់ថា ភាគីណាមួយអាចយកឈ្នះនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ៕ ម៉ែវ សាធី