ខេត្តសៀមរាប៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ទោ ថា ដាលុច ចុះបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ (ឆ្នោតយួន) មួយកន្លែងកណ្តាលក្រុងសៀមរាបកាលពីវេលាម៉ោង១៥និង០០នាទីរសៀលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប បន្ទាប់ពីមានសេចក្តីរាយការណ៍ច្បាស់ថា មានករណីបើកលេងល្បែងដោយខុសច្បាប់(ឆ្នោត) ហើយជាមេធំទៀតផង។
បើតាមប្រភពពត័មានពីកម្លាំងកងរាជអាវុធហត្ថខេត្តបានប្រាប់ឱ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះថា ជនសង្ស័យម្នាក់ជា(មេឆ្នោត)មានឈ្មោះតែម វ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ.ឃុំខាងលើក្រោយពីឃាត់ខ្លួនរួចមក កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត បានដកហូតវត្ថុតាងរួមមាន៖ម៉ាស៊ីនកត់ឆ្នោតចំនួន ១ គ្រឿង,ឯកសារកត់ឆ្នោតមួយចំនួនធំ , ទូរសព្ទ័ដៃចំនួន១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
គួររលឹកផងដែរថា កន្លងមកសមត្ថកិច្ចជំនាញតែងតែបានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ដូចជា៖ល្បែងកន្ទុយលេខ(ឆ្នោតយួន ឆ្នោតសៀម)ល្បែងបញ្ជល់មាន់ ល្បែងបៀរអាប៉ោង ល្បែង ដែលបង្កប់អ៊ិនធឺណេត នៅខាងក្នុង ប៉ុន្តែក្នុងការបង្ក្រាប ហាក់បីដូចជាមានការលាក់លៀមមិនឱ្យអ្នកសារព័ត៌មានដឹងនោះទេ ខ្លាចបែកការ ដល់ពេលសួរម្តងៗបានត្រឹមតែឆ្លើយថា ចាំសួរមេសិន ព្រោះកន្លងមក គេតែងតែឃើញ មេឆ្នោតដែលចាប់ទៅនោះគឺដើរខាងក្រៅដូចធម្មតា គ្មានខ្លាចញញើតអ្នកសារព័ត៌មានទាល់តែសោះ ។
ប៉ុន្តែករណីនេះត្រូវបានសមត្ថកិច្ចមួយចំនួនបានទំលាយថា ចំពោះខាងសមត្ថកិច្ចបានត្រឹមតែចាប់ចង បញ្ជូនទៅឱ្យតុលាការតែប៉ុណ្ណោះ រឿងដោះលែងចាំសួរទៅតុលាការខេត្តសៀមរាប មើលទៅដឹងហើយរឿងហ្នឹង មិនបាច់សួរនាំសមត្ថកិច្ចទេ? ៕ ប៊ុន រិទ្ធី