ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសាកសួរលោកស្រី ទេព វន្នី ខណៈមានការប្រមូលផ្ដុំមុខតុលាការទាមទារឲ្យដោះលែង

ចែករំលែក៖

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ កំពុងសាកសួរលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ។ ស្របជាមួយគ្នានេះ សកម្មជនបឹងកក់ជាង២០នាក់ ក៏កំពុងប្រមូលផ្ដុំមុខតុលាការ ទាមទារឲ្យដោះលែងលោកស្រី ទេព វន្នី ផងដែរ ។
ការសាកសួរនេះ ត្រូវបានធ្វើឡើងជាអសាធាណៈ ខណៈអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ពុំបានអនុញ្ញាតឲ្យចូលក្នុងបរិវេណតុលាការ ឡើយ ពោលគឺឈរនៅក្រៅរបងតុលាការទាំងអស់ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ពុំទាន់អាចបញ្ជាក់ពីកម្មវត្ថុពិតប្រាកដនៃការសាកសួរលោកស្រី ទេព វន្នី បាននៅឡើយទេ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា នេះ ។
គួររំលឹកថា សកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី បន្តជាប់ឃុំក្នុងពន្ធនាគារ ខណៈដៃគូ គឺ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពីព្រឹកថ្ងៃទី២២ ខែសីហា សម្រេចកែប្រែបទចោទប្រកាន់លើស្ត្រីបឹងកក់ពីរនាក់ ពីបទ ” ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ” ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌ មកជាបទ ” ប្រមាថ ” វិញ ។
តុលាការសម្រេចផ្ដន្ទាទោសស្ត្រីបឹងកក់ទាំងពីរនាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ថ្ងៃនិងពិន័យជាប្រាក់៨ម៉ឺនរៀល ពីបទ ” ប្រមាថ ” តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ ។
ក្រោយការសម្រេចនេះ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីយប់ថ្ងៃទី២២ ខែសីហា ។
ទោះបីយ៉ាងណា ឈ្មោះ ទេព វន្នី ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយនៅមានពីរករណីផ្សេងទៀតនៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថអ្នករាជការសាធារណៈ និង បទប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ជាដើម ៕ ចេស្តា
ses ses-1

ចែករំលែក៖