ភ្នំពេញ ៖ បន្ទាប់ពីភ្លៀងធ្លាក់មួយមេ និងលាយឡំខ្យល់យ៉ាងខ្លាំងបណ្ដោយឱ្យ ដើមតាសេកមួយដើមយ៉ាងធំបានបាក់កាត់ទទឹងផ្លូវ តែមិនបានបង្កឲ្យមានអ្នករងរបួសនោះទេ កាលពីវេលាម៉ោង៧និង៣០យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងនិងលាយឡំខ្យល់យ៉ាងខ្លាំង បណ្តាលឱ្យដើមតាសេកមួយដើមបានបាក់កាត់ទទឹងផ្លូវ បណ្ដោយឱ្យអ្នកធ្វើដំណើរឆ្លងកាត់មិនបាន ភ្លាមៗនោះ មន្ត្រីសាលាខណ្ឌចំការមននាំគ្នាចុះទៅកាប់មែកជាកំណាត់ៗ ដើម្បីលើកចេញពីលើផ្លូវ កុំឲ្យស្ទះចរាចរណ៍ទៀត ៕ ស រស្មី