ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់រួចគេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ : នារីបម្រើការក្រុមហ៊ុនឯកជនម្នាក់ ត្រូវបានជនសង្ស័យមានគ្នា២នាក់ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ខណៈឪពុកឌុបជិះម៉ូតូចេញពីធ្វើការ ត្រឡប់មកផ្ទះ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅមុខសាលាអន្តរជាតិវែល តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះមាន ឈ្មោះ អេង គន្ធា អាយុ ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមការរៀបរាប់ពីជនរងគ្រោះប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នាងបានចេញធ្វើការ ហើយឪពុកជាអ្នកជិះម៉ូតូទៅយក តែពេលមកវិញនាងជាអ្នកឌុប ខណៈជិះម៉ូតូមកដល់ចំណុចកើតហេតុ ជិតដល់ផ្ទះហើយ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ ម៉ាក MSX ពណ៍ក្រហម មិនចាំស្លាកលេខ មកក្បែរ ហើយធ្វើសកម្មភាពឆក់កាបូបរបស់នាង ដែលស្ពាយចំហៀង បណ្តាលឲ្យរូបនាងជាមួយឪពុកដួលរលាត់ដៃរលាត់ជើង ហើយកាបូបត្រូវចោរយកទៅបាត់ស្រមោល ។

នាងបន្តថា នៅក្នុងកាបូបនោះមានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន កាតការងារ លុយជាង១០០ដុល្លារ ទូរស័ព្ទ ចុចពិល១គ្រឿង ទូរស័ព្ទ Samsung Galaxy Note 3 មួយគ្រឿង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ធានទៅដល់កន្លែងកើតហេតុ សួរនាំដំណើររឿង និងនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងកំណត់ហេតុ នៅប៉ុស្តិ៍នគរបាលរដ្ធបាលកាកាប៕ សុខាសែនជ័យ

 

image1 image2


ចែករំលែក៖