ប៉ោយប៉ែត៖ មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានត្រួតពិនិត្យ ឆែកឆេររទេះដឹកជំនិញមួយគ្រឿង រកឃើញឈើគ្រញូងបង្កប់ក្រោមទំនិញដឹកឆ្លងកាត់ពីប្រទេសថៃ១៥ដុំ ។
ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅទីលានត្រួតពិនិត្យទំនិញ ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានបានរាយការណ៍ថា ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចគយបានបញ្ឈប់ និងឆែកឆេររទេះដឹកទំនិញមួយគ្រឿង រកឃើញឈើគ្រញូង១៥ដុំ ស្មើ៦១៥គីឡូក្រាម បង្កប់ក្រោមទំនិញ ហើយជាឈើដែលគេសង្ស័យថា នាំពីប្រទេសថៃ ។
គេបានរាយការណ៍ថា ម្ចាស់រទេះឈ្មោះ ឆ្លូញ ភេទប្រុស ហើយគេនៅមិនទាន់ដឹងព័ត៌មានលម្អិតក្រៅពីនេះនៅឡើយទេ ដោយសមត្ថកិច្ចបាននិងកំពុងធ្វើការ និងឈានដល់ចាប់ម្ចាស់ឈើពិតប្រាកដ ។
បច្ចុប្បន្ន ឈើទាំងនេះត្រូវយកទៅរក្សាទុកនៅទីស្នាក់ការគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីធ្វើកំណត់ហេតុបន្តនីតិវិធី ៕ វណ្ណា