ព័ត៌មានទាន់ហេតុការណ៍៖

យកលុយ១០០ដុល្លារទៅដូរយកលុយខ្មែរ​បាន​តែ៤០ដុល្លារនិងលុយខ្មែរ៤ម៉ឺនរៀលបង្កឲ្យផ្ទុះកំហឹងឈ្លោះគ្នាពេញផ្សារ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីជាអាជីវករដូរលុយម្នាក់ ត្រូវបាននារីកម្មការិនីម្នាក់ជេរនិងដាក់​បណ្តាសាយ៉ាងចាស់ដៃខណៈនារីកម្មការិនីដូរប្រាក់១០០ដុល្លារបែរជាដូរបានតែប្រាក់៤០ដុល្លារនិងលុយខ្មែរ៤ម៉ឺនរៀលហើយស្ត្រីអាជីវករបានប្រកែកដាច់អហង្ការថា ទទួលបានប្រាក់ត្រឹមតែ៥០ដុល្លារប៉ុណ្ណោះ។ ករណីឈ្លោះប្រកែកគ្នានេះបានកើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្សារត្រពាំងពោធិ៍ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីជាអាជីវករឈ្មោះ ស្រីវ៉ាន់ មុខរបរ ជាអ្នកលក់ខោអាវនិងដូរលុយក្នុងផ្សារ ត្រពាំងពោធិ៍ រីឯនារីជាកម្មការិនីមិនទាន់ ស្គាល់ឈ្មោះនៅឡើយទេ។

មិត្តភក្តិរបស់កម្មការិនីបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីជាកម្មការិនីបានយកក្រដាសប្រាក់១០០ដុល្លារដែលទើបតែបើកពីរោងចក្រមកដូរយកលុយខ្មែរនៅកន្លែងកើតហេតុហើយស្ត្រីជាអាជីវករក៏ បាន កាន់ពិនិត្យរួចយកលុយទុកក្នុងទូ។ ខណៈនោះស្រាប់តែមានអ្នកដូរលុយម្នាក់ទៀតមកដូរលុយដែរហើយអាជីវករដូរឲ្យគេមុនរួចក៏បន្តដូរលុយឲ្យកម្មការិនីឲ្យលុយត្រឹមតែ៤០ដុល្លារនិងលុយខ្មែរចំនួន៤ម៉ឺនរៀលមកវិញ។ ពេលនោះកម្មការិនីបានសួរទៅស្ត្រីជាអាជីវករប្រគល់ប្រាក់ វិញ​តែ៥០ដុល្លារយ៉ាងដូច្នេះ?តែស្រ្តីអាជីវករបាន ប្រកែក​ថាបានទទួលតែ៥០ដុល្លារតែ ប៉ុណ្ណោះក៏កើតជាជម្លោះតែម្តង។

ប្រភពដដែលបានបន្តថាគ្រានោះនារីជាកម្មការិនីបានទៅយកធូបមួយបាច់ហៅ ស្ត្រីជាអាជីវករនោះមកស្បថតែស្ត្រីអាជីវ ករប្រកែកដាច់អហង្ការមិនធ្វើតាមទេធ្វើឲ្យនារីជាកម្មការិនីខឹងយ៉ាងខ្លាំងក៏ទ្រហោយំនិងនិយាយដាក់បណ្តាសាទៅកាន់អាជីវ ករនោះថាអ្នកឯងធ្វើអ្នកឯងនឹងទទួលតាមកម្មផល។

ជុំវិញបញ្ហានេះអាជីវករដែលលក់ក្នុង ផ្សារត្រពាំងពោធិ៍នេះបានឲ្យដឹងដែរថា ទីតាំង​ដូរលុយរបស់ស្ត្រីអាជីវករខាងលើ នេះតែងតែកើតមានបញ្ហាបែបហ្នឹងជាញឹកញាប់ ប៉ុន្តែមិនបង្កជារឿងប្តឹងផ្តល់នោះទេនាពេលកន្លងមកដោយសារគិតថាលុយ បន្តិចបន្តួចមិនចង់មានបញ្ហាវែងឆ្ងាយ៕ សុភ័ក្រ

ase-3


ចែករំលែក៖