ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងធំមានចំនួន១២បន្ទប់ នៅខណ្ឌទួលគោកទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានប្រជាពលរដ្ឋនាំគ្នារត់ចែកជើងទាំងព្រឹកដោយអ្នកខ្លះរត់ទៅយកបំពង់ពន្លត់អគ្គិភ័យ អ្នកខ្លះកាន់ទុយយោទឹក ជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ ដែលកំពុងតែឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នងធំ មានចំនួន១២បន្ទប់ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយសារទុស្សេខ្សែភ្លើង ។

ករណីអគ្គិភ័យនេះបាន កើតឡើងនៅវេលាម៉ោងប្រហែល០៩ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោយវិទ្យាល័យជាស៊ីមសាមគ្គីផ្ទះលេខ១៨A,B,C ផ្លូវ២៧១ ក្រុម១ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ ប៉ូវ សារីម ភេទស្រីអាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានថា មានករណីភ័យកំពុងតែឆាប់ឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាងបានដឹកនាំកម្លាំងចុះទៅជួយអន្តរគមន៍ និងធ្វើការទំនាក់ទំនងជាមួយកម្លាំងនគរបាលការិយាល័យពន្លត់អគ្គីភ័យក្រុងភ្លាមៗ ដើម្បីបាញ់ពន្លត់ផងដែរ ។ ក្នុងហេតុការណ៍គេឃើញ រថយន្តពន្លត់អគ្គីភ័យដែលប្រចាំកាចាំការនៅក្នុងអធិការដ្ឋានខណ្ឌទួលគោក រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ រថយន្តពន្លត់អគ្គីភ័យ របស់ការិយាល័យក្រុងមកបាញ់ពន្លត់រហូតរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង០៩និង៥០នាទីព្រឹកថ្ងៃដដែល ។

ក្រោយកើតហេតុខូចខាតផ្ទះ៣ខ្នងធំមានចំនួន១២បន្ទប់ ទាំងស្រុង និងប្រើប្រាស់រថយន្តអគ្គិភ័យ២២គ្រឿង អហ ក្រុង ២គ្រឿង និងPL២០គ្រឿង បាញ់ទឹកអស់២៦ឡាន ៕ ស ដារ៉ា

 

4 3 2 1 5


ចែករំលែក៖