ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញដោះមីនស៊ីម៉ាកអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ធ្វើចម្ការតំបន់ដែលមិនទាន់បានបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្រ្តីជំនាញដោះមីន នៃអង្គភាពស៊ីម៉ាក នៅខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានអំពាវឱ្យប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង នាំគ្នាប្រុងប្រយ័ត្ន ចូលទៅធ្វើចំការក្នុងតំបន់ ដែលមិនទាន់មានការបោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលគេសង្ស័យ សេសសល់កប់ក្នុងដីតាំងពីសម័យសង្រ្គាម ។

ការអំពាវនាវនោះក្រោយពីមន្រ្តីជំនាញស៊ីម៉ាកបានរកឃើញគ្រាប់មីនតោនចំនួន២គ្រាប់និងគ្រាប់មីនធុនតូចចំនួន៤គ្រាប់កប់ក្នុងរណ្តៅដីចំការពោធពលរដ្ឋមួយកន្លែង ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ដែលពលរដ្ឋម្ចាស់ចំការតែងតែភ្ចួរដីធ្វើចំការច្រើនឆ្នាំមកហើយប៉ុន្តែសំណាងល្អកង់ត្រាទ័រភ្ជួរដីបើកគេចពីគ្រាប់មីនជារហូត បើមិនដូច្នេះទេមិនដឹងថាគ្រាប់មីននោះ បង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋក្នុងកំរិតបែបណានោះទេ គ្រាប់មីនខាងលើត្រូវបានអង្គភាពស៊ីម៉ាកTSCលេខ២៣ ជាក្រុមតាមប្រម៉ាញ់គ្រាប់មីនដោះចេញដោយសុវត្ថិភាព មន្រ្តីជំនាញអះអាងថា គ្រប់មីនតោនប្រភេទមីនម៉ាកTM៤៦ ផលិតក្នុងប្រទេសចិន ប្រឆាំងរថក្រោះ និងគ្រាប់មីន៤គ្រាប់ទៀតជាប្រភេទគ្រាប់មីនប្រឆាំងនិងមនុស្សដែលអតីតកងទ័ពខ្មែរក្រហមកប់ក្នុងដីក្នុងសម័យសង្រ្គាមការពារទីតាំងដែលចំណុចបន្ទាយរឹងមាំរបស់កងទ័ពខ្មែរក្រហម។

សូមបញ្ជាក់ថានៅខេត្តបាត់ដំបងក្នុងមួយរយៈចុងក្រោយនេះគេមើលឃើញថាឧស្សាហ៍កើតមានករណីផ្ទុះគ្រាប់មីនតោនជាបន្តបន្ទាប់បណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់និងរងរបួសច្រើននាក់ ខណៈដែលពលរដ្ឋទាំងនោះបានធ្វើដំណើរនិងបើកត្រាក់ទ័រភ្ជួរដីចំការ ក្នុងតំបន់ដែលមិនស្ថិតក្នុងការបោសសំអាតមីនពីសំណាក់មន្រ្តីជំនាញ។សេចក្តីរាយការណ៍ឱ្យដឹងថាកាលពីដើមខែកញ្ញា ឆ្នាំ២០១៦មាន បុរសម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ ជិន កំសាន្ត អាយុ៣៣ឆ្នាំ ប្រកបមុខរបរជាអ្នកធ្វើចំការ រស់នៅភូមិបួរុណ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានស្លាប់ ក្រោយពីជនរងគ្រោះ បានបើកត្រាក់ទ័រ ភ្ជួរដីចំការ ររបស់ខ្លួន ទៅជាន់មីនតោន ដែលកប់ក្នុងដីសេសសល់តាំងពីសម័យសង្រ្គាម ក្នុងភូមិរស់នៅរបស់ជនរងគ្រោះនោះតែម្តង៕សំ វិច្ឆិកា

 

img_2496 img_2495 img_2493 img_2491 img_2498


ចែករំលែក៖