ព័ត៌មានទាន់ហេតុការណ៍៖

ពន្ធនាគារខេត្តកណ្តាលក្លាយជាកន្លែងចរាចរណ៍គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីវ័យចំណាស់ម្នាក់បានសារភាពថា គាត់បានចរាចរណ៍គ្រឿងញៀនទៅកាន់ពន្ធនាគារខេត្តកណ្តាលយ៉ាងតិច៧ដង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចពន្ធនាគារខេត្តកណ្តាល ។

បញ្ហាគ្រឿងញៀនកំពុងវាយលុកយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ក្នុងនោះ សូម្បីតែពន្ធនាគារព្រៃស ក៏ត្រូវបានសមត្ថកិច្ចចាប់បានមេក្លោងធំៗជាជនបរទេស និងជនជាតិខ្មែរ បានយកទីតាំងពន្ធនាគារធ្វើជាការបញ្ជាមកកាន់បក្ខពួក ដៃជើងរបស់ខ្លួននៅខាងក្រៅ ដើម្បីជួញដូរគ្រឿងញៀន ហើយសមត្ថកិច្ច ក៏ត្រូវបានបង្ក្រាបផងដែរ ដោយទ្រង់ទ្រាយធំកន្លងមក ។ បច្ចុប្បន្ន ករណីជួញដូរគ្រឿងញៀនបានបន្តកើតមាននៅពន្ធនាគារខេត្តកណ្តាល ។ ជាក់ស្តែង ស្ត្រីវ័យចំណាស់ម្នាក់អាយុ៦១ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែកញ្ញានោះ គាត់បានសារភាពធ្លាប់ចរាចរណ៍គ្រឿងញៀនចំនួន៧លើកនៅពន្ធនាការខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការសង្ស័យ មន្ត្រីអនុរក្សពន្ធនាគារ សហការជាមួយនឹងនគរបាលកម្រិតធ្ងន់បានត្រួតពិនិត្យ រកឃើញគ្រឿងញៀនចំនួន១០កញ្ចប់តូច ដែលស្ត្រីចំណាស់រូបនេះ នាំចូលបម្រុងយកទៅចែកចាយនៅពន្ធនាគារ ។

បច្ចុប្បន្ន ស្ត្រីជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី ។ គួរបញ្ជាក់ថា ដើមហេតុនៃការឃាត់ខ្លួនស្ត្រីជនសង្ស័យ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ខណៈគាត់បានប្រើវិធីទៅសួរសុខទុក្ខទណ្ឌិតម្នាក់ឈ្មោះ ជឹម រដ្ឋា ហៅកែត ត្រូវជាកូនប្រុសបង្កើតរបស់គាត់ ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស និងដោយសារការប្រព្រឹត្តអំពើហិង្សា នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ពេលចុះទៅសួរសុខទុក្ខ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែង និងចាប់យកវត្ថុតាងជាគ្រឿងញៀនចំនួន១០កញ្ចប់ នាំខ្លួនសាកសួរតាមនីតិវិធី ៕ សុខ ខេមរា

 

img_5121


ចែករំលែក៖