ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់បានជាបន្តបន្ទាប់ ក្រោយពីពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពប្រើប្រាស់ និង ចែកចាយថ្នាំញៀន ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង បានបញ្ជូនមដល់ស្នងការដ្ឋាន នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលបានឃាត់ខ្លួននេះ ១.ឈ្មោះគឹម កាក់ ភេទប្រុស អាយុ២៤ឆ្នាំ ២.ងួន ស៊ីវ៉េន ភេទប្រុស អាយុ១៦ឆ្នាំ ៣.ប៊ិនសំបៃ ភេទប្រុស អាយុ២៤ឆ្នាំ ៤.ឈ្មោះឌុល ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនសង្ស័យទាំង៤នាក់នេះរស់នៅក្នុងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
វត្តុតាងដែលបានដកហូតនាពេលនេះ មានម៉ូតូ១គ្រឿង ថ្នាំម៉ាទឹកកក១កញ្ចប់ និង ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនផងដែរ ។
សមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះគឺបន្ទាប់ពីបានចំលើយសារភាពរបស់ជនសង្ស័យចំនួន១នាក់ និងបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចចំពោះអ្នកពាក់ព័ន្ធ ពេលនោះសមត្ថកិច្ចបានដាក់កម្លាំងចាំឃ្លាំមើល និង ស្ទាក់ចាប់បានក្រុមជនសង្ស័យទាំង៤នាក់នេះផងដែរ ។ នៅពេលនេះសមត្ថកិច្ចកំពុងតែសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តទៅតាមនីតិវិធី ។
អ្នកដែលឃើញហេតុការណ៍នៃប្រតិបត្តិការណ៍នេះបានអោយដឹងថា ក្រុមជនសង្ស័យមានប្រមាណជាង១០នាក់ ប៉ុន្តែក្រោយពីបានយកមកសួរនាំត្រូវបានដោះលែងវិញ ហើយធ្វើការឃាត់ខ្លួនចំនួន៤នាក់នេះតែម្តង ៕ ចន្ថា