ព័ត៌មានទាន់ហេតុការណ៍៖

វាយប្លន់ម៉ូតូមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងចំនួន៤នាក់ ជិះម៉ូតូម៉ាក ហុងដា ឌ្រឹមសង់ C-125 មួយគ្រឿង ឌុបគ្នាចេញពីកន្លែងញាំអាហារនៅជិតគល់ស្ពានកោះពេជ្រ បំណងទៅផ្ទះត្រូវបានជនសង្ស័យមានគ្នាជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿងបានមកក្បែរ ហើយធាក់ផ្តួលវាយប្លន់យកម៉ូតូពីជនរងគ្រោះ តែមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ភ្លាមៗ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខណាហ្គា ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ភ្លាមនោះដែរ ត្រូវបានកម្លាំងនគរបាលល្បាតប្រទះឃើញ ក៏ផ្ទុះអាវុធចំនួន២គ្រាប់ធ្វើអោយជនសង្ស័យភ័យនាំគ្នាជិះម៉ូតូ រត់រហូតដល់ចំណុចមុខវត្តកោះផ្លូវព្រះមុន្នីវង់ ទើបឃាត់បាន២នាក់ ។

តាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ រួបគេមានគ្នា៤នាក់ ជិះម៉ូតូឌ្រឹមសងមួយគ្រឿង បានជិះឌុបគ្នាមកពីអង្គុយញាុំអាហារនៅសួនដែលនៅជិតគល់ស្ពានកោះពេជ្រ ពេលនាំគ្នាចេញមកវិញដោយបំណងត្រឡប់ទៅផ្ទះ ខណៈជិះមកដល់មុខណាហ្គា ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានមកក្បែរហើយបានធ្វើសកម្មភាពធាក់ម៉ូតូនិងគៀរផ្តួលបំណងប្លន់យកម៉ូតូ ភ្លាមនោះស្របពេលកម្លាំងសមត្ថកិច្ចល្បាតឃើញទាន់ ក៏បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ឡើងលើ ធ្វើអោយក្រុមជនសង្ស័យភ័យជិះម៉ូតូរត់តាំងពីចំណុចកើតហេតុរហូតដល់ចំណុចមុខវត្តកោះ តាមបណ្តោយផ្លូវព្រះមុនីវង្ស ទើបកម្លាំងនគរបាលដេញចាប់បាន២នាក់ និងម៉ូតូមួយគ្រឿង ម៉ាកឌ្រឹមសង់ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB 5649 ចំណែកបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់រួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលចតុមុខសាកសួរដើម្បី កសាងសំណុំរឿងទៅអធិការដ្ឋានចាត់ការបន្ត ៕ ព្រែកជ័យ

aes-2 aes-1 aes


ចែករំលែក៖