ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ វាយប្លន់យកម៉ូតូពីយុវជន២នាក់បានសម្រេច កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដើមអំពិល
សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ប៉ុន្តែបានប្រមាណជាង២ម៉ោង ត្រូវបងជនរងគ្រោះប្រទះឃើញកំពុងជិះ ក៏ដេញតាមស្រែកឆោឡោផ្អើលដល់កម្លាំងអាវុធហត្ថដេញតាមចាប់តាំងពីខណ្ឌច្បារអំពៅ រហូតម៉ូតូដែលជនសង្ស័យជិះ អស់សាំងនៅចំណុចមុខគណកម្មាធិការរៀបចំបុណ្យជាតិ តាមបណ្តោយផ្លូវលេខ២៤០ កែងនឹងផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយទុកម៉ូតូចោលរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋចាប់បាន២នាក់ វាយម្នាក់មួយដៃមួយជើងស្ទើរស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង១៥នាទី និងយកម៉ូតូបានមកវិញ ។
ជនរងគ្រោះទី១មានឈ្មោះ ជា ចាន់ណាន ភេទប្រុស អាយុ១៦ ទី២ឈ្មោះ វែនថារ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង២បច្ចុប្បន្នស្នាក់នៅភូមិដើមមានសង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំណែកម៉ូតូដែលជនសង្ស័យប្លន់ម៉ាកនិច ពណ៍ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BL 2032 ។
ប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេរួមជាមួយមិត្តភក្រ្តម្នាក់ទៀតបាននាំគ្នាជិះម៉ូតូម៉ាកនិចឌុបគ្នាទៅទិញ បាយទៅអោយភ្ញៀវដែលបានកម្មង់ ខណះមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់កំពុងដើរតាមផ្លូវហើយបានវាយពួកគេប្លន់យកម៉ូតូទៅបាត់តែម្តង ។ បន្ទាប់មកពួកគេបានទៅប្រាប់ឳពុកម្តាយ ហើយក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។
បើតាមសំដីបងប្រុសជនរងគ្រោះដែលបានដេញជនសង្ស័យមកពីក្រោយរហូតបានអោយដឹងថា បន្ទាប់ពីទទួលបានដំណឹងថាប្អូនប្រុសរបស់ខ្លួនត្រូវក្រុមចោរវាយប្លន់ម៉ូតូ រូបគេ២នាក់បងថ្លៃដោយមិនអស់ចិត្តបាននាំគ្នាជិះម៉ូតូដើររកអស់រយះពេលជាច្រើនម៉ោង ក៏បានប្រទះឃើញជនសង្ស័យ២នាក់កំពុងតែជិះម៉ូតូប្អូនរបស់ខ្លួន ក៏បាននាំគ្នាដេញតាមនិងស្រែកឆោឡោរផ្អើលកម្លាំងអាវុធហត្ថជួយដេញចាប់តាំងពីខណ្ឌច្បារអំពៅ រហូតដល់ចំណុចមុខគណកម្មាធិការរៀបចំបុណ្យជាតិ ម៉ូតូជនសង្ស័យដែលប្លន់បាននោះក៏អស់សាំង ពេលនោះពួកចោរបានទុកម៉ូតូចោលរត់គេចខ្លួន ហើយគេបានជិះម៉ូតូបំបុកតែខុសដួលម៉ូូតូរបួសខ្លួនឯង ។ ប៉ុន្តែពេលនោះខ្លួនស្រែកបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនាំគ្នាដេញចាប់បានជនសង្ស័យទាំង២នាក់ និងទប់កំហឹងមិនបានវាយម្នាក់មួយដៃមួយជើងស្ទើរស្លាប់ រួចទើបប្រគល់អោយសមត្ថកិច្ច។
មួយសន្ទុះក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ដោយបានហៅរថយន្តសង្គ្រោះអោយមកដឹកជនសង្ស័យទាំង២នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ រង់ចាំកសាងសំណុំរឿងចាត់ការតាមច្បាប់នាពេលក្រោយ ៕ ព្រែកជ័យ