ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញវៀតណាម ឈ្មោះ យូ ដឹកត្រីតាមច្រកកោះធំរាល់ថ្ងៃ

ចែករំលែក៖

សមត្ថកិច្ចច្រកស្រុកកោះធំបានរាយការណ៍ថា សព្វថ្ងៃនេះ ឈ្មួញជនជាតិវៀតណាមឈ្មោះ យូ បាននិងកំពុងដឹកជញ្ជូនត្រីខុសច្បាប់ នាំចូលពីប្រទេសវៀតណាម ឆ្លងកាត់ស្រុកកោះធំ ខេត្តកណ្តាលជារៀងរាល់ថ្ងៃ ។ អាជ្ញាធរមានសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន លើកដៃទទួលប្រាក់ពីឈ្មួញ យូ ទាំងដាក់ប្រចាំខែ និងការបង់តាមក្បាលរថយន្ត ។ តាំងពីដើមរៀងមកហើយ ក្រសួងកសិកម្មប្រកាសថា អំពើនាំចូលត្រីពីប្រទេសជិតខាង ជាទង្វើខុសច្បាប់ ។ ប៉ុន្តែសមត្ថកិច្ចអ្នកអនុវត្តច្បាប់នៅតាមព្រំដែន មិនបង្ក្រាបបទល្មើសនេះឡើយ ។

ប្រភពរាយការណ៍ថា ផ្លូវមួយខ្សែស្ថិតនៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលបានរងការខូចខាតយ៉ាងខ្លាំង ដោយសារតែខ្សែរថយន្តធំៗដឹកត្រីរបស់ឈ្មួញ យូ បើកបរទាំងយប់ ទាំងថ្ងៃ ។ មិនតែប៉ុណ្ណោះ មុខទីអារ៉ាម វត្តព្រែកស្បូវ ផ្លូវក៏រងការខូចខាតខ្លាំងផងដែរ ។ អាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះករណីបទល្មើសនេះទេ ប៉ុន្តែជំនាញខាងជលផល បានសម្តែងនូវការអរគុណចំពោះឈ្មួញវៀតណាម ឈ្មោះ យូ ដែលបានខិតខំដឹកត្រីខុសច្បាប់មកបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ។

ស្ថាប័នរដ្ឋបាលជលផលត្រូវគេមើលឃើញថា ហាក់ដូចជាស្ងាត់ឈឹងតែម្តង ក្នុងបញ្ហាត្រីនាំចូលពីប្រទេសជិតខាងនេះ ។ វាជាទង្វើខុសច្បាប់ទាំងស្រុង នេះបើតាមការកំណត់របស់រាជរដ្ឋាភិបាល ។ ប៉ុន្តែយ៉ាងណាក្តី ឈ្មួញវៀតណាមល្បីឈ្មោះជាច្រើន ជាក់ស្តែងឈ្មោះ យូ ក៏ដូចជាឈ្មោះ តូម ជាអ្នកដែលមានឥទ្ធិពលខ្លាំងក្នុងការដឹកត្រីមកចែកចាយទូទាំងប្រទេសកម្ពុជា ។ អ្វីដែលសំខាន់ជាងគេនោះ គឺសមត្ថកិច្ចជំនាញនៅតាមច្រកព្រំដែនទាំងឡាយកំពុងសប្បាយរីករាយនឹងការដែលឈ្មួញវៀតណាមបន្តក់លុយឲ្យជារៀងរាល់ថ្ងៃនោះ ៕

wat-1309


ចែករំលែក៖