ភ្នំពេញ៖ សមាជិកថ្មីនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា ជនជាតិអាមេរិកចំនួន៦៩នាក់ បានចូលស្បថ បំពេញការងារ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ ពិធីស្បថសម្រាប់ក្រុមទី១០ នៃទីភ្នាក់ងារ Peace Corps នៅកម្ពុជានេះ ប្រព្រឹត្តទៅចំពេលនៃការប្រារព្ធខួបលើកទី ១០ នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។
ពិធីស្បថសម្រាប់ក្រុមទី១០នេះ ធ្វើឡើងក្រោមវត្តមានលោកស្រី ជូលី ជួង (Julia Chung) អនុប្រធានស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា និង លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា។
លោកស្រី ជូលី ជួង បានមានប្រសាសន៍ថា ថ្ងៃនេះសមាជិកថ្មីនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ចំនួន៦៩ នាក់ផ្សេងទៀតបានស្បថចូលបម្រើការងារនៅក្នុងប្រទេសកម្ពុជាដើម្បីបន្តសកម្មភាពរបស់ពួកគេ នៅតាម សហគមន៍ ជួយបង្ហាត់បង្រៀនភាសាអង់គ្លេស ធ្វើការជាមួយបុគ្គលិកមណ្ឌលសុខភាពកម្ពុជាដើម្បីជួយលើកកម្ពស់សុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាពិសេសស្ត្រីនិងកុមារក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខភាពផ្សេង..។ល។ ជាមួយគ្នានោះចែករំលែកនូវវប្បធម៌នៃការរស់នៅឲ្យគ្នាទៅវិញទៅមកផងដែរ។
លោកស្រីបានបន្តថា កម្ពុជាបានទទួលអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ PeaceCorps ជាង៤៥០នាក់ ហើយចាប់តាំងពី ឆ្នាំ២០០៦ មកម្ល៉េះ។ ជាមួយគ្នានោះលោកស្រីបានលើកទឹកចិត្តឲ្យអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ឲ្យបន្តនូវសកម្មភាព ដ៏ល្អនេះទៀត ព្រោះអ្នកទាំងអស់គ្នានេះហើយដែលអាចជម្រុញឲ្យមានសន្តិភាព និងទំនាក់ទំនងមិត្តភាពយូរអង្វែង រវាង ប្រជាជនកម្ពុជានិងប្រជាជនសហរដ្ឋអាមេរិក។
គួររំលឹកថា ទីភ្នាក់ងារ Peace Corps ត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩៦១ ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy ដើម្បីជំរុញសន្តិភាព និងមិត្តភាពក្នុងពិភពលោក។ គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺកសាងសមត្ថភាពរបស់មនុស្សប្រុស ស្រី នៅក្នុងប្រទេសដែលមានការពាក់ព័ន្ធ និងលើកកម្ពស់ការយល់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសដទៃ។ អ្នកស្ម័គ្រចិត្ត Peace Corps បានមកដល់កម្ពុជានៅក្នុងឆ្នាំ២០០៧។ ចាប់ពីពេលនោះមក មាន មានអ្នកស្ម័គ្រចិត្តចំនួន៤៦៥នាក់ហើយ ដែលបានធ្វើការនៅតាមខេត្តចំនួន១៧ខេត្ត នៅទូទាំងប្រទេសកម្ពុជា ៕ ស ដារ៉ា