ភ្នំពេញ៖ ស្នូរកាំភ្លើងបានផ្ទុះឡើងចំនួន១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីបុរសម្នាក់ រត់ទាំងឈាមស្រោចពេញខ្លួន ខណៈដែលឈ្លោះគ្នាជាមួយគូទំនាស់តាមកាប់ឲ្យរបួសធ្ងន់ហើយបាញ់មួយគ្រាប់ឲ្យរបួសថែមទៀត ។ ករណីនេះ ត្រូវបានគេសង្ស័យថា ពាលសីុពាលផងដែរ ។
ករណីផ្ទុះអាវុធបង្កឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវដែកមុខក្តាន់ពីរ ភូមិ០៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលត្រូវគេកាប់ និងបាញ់មួយគ្រាប់បណ្ដាលឲ្យធ្លាយភ្លៅឆ្វេងនោះឈ្មោះ សាម ផាន់ណា ហៅលាថុនា ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ចំណែកជនដៃដល់០២នាល់ ដែលគេចខ្លួនបាត់នោះត្រូវបានគេស្គាល់ឈ្មោះអា ស្ពៃ ភេទប្រុស អាយុ២៤ឆ្នាំ (ជាអ្នកបាញ់) និងម្នាក់ទៀតឈ្មោះ ធារ៉ូ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ(អ្នកកាន់ដាវកាប់)។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីកម្លាំងទទួលបានព័ត៌មានថា មានករណីកាប់ចាក់ និងផ្ទុះអាវុធបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងដោយយោងតាមការបំភ្លឺពីឈ្មោះសូ សីហាក់ ភេទប្រុសអាយុ១៦ឆ្នាំស្នាក់នៅផ្ទះជួលជាប់របងវត្តនាគវ័ន្ត ដែលឃើញហេតុការណ៍នេះ បានរៀបរាប់ថា នៅមុនវេលាកើតហេតុគាត់បានឮសម្លេងឈ្មោះប្រកែលរវាងជនរងគ្រោះ និងក្រុមជនល្មើស ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញជនរងគ្រោះរត់ចេញពីផ្លូវតូចមកក្រៅមកដល់ចំណុចកើតហេតុឃើញជនដៃដល់ឈ្មោះធារ៉ូ បានកាន់ដាវតាមកាប់ពីក្រោយជនរងគ្រោះហូរឈាមរកដួលដោយជនរងគ្រោះស្រែកឲ្យគេជួយ ពេលនោះដែរ ស្រាប់តែឃើញជនល្មើសឈ្មោះអាស្ពៃ បានរត់មកដល់ដែរ រួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់១គ្រាប់ចំធ្លាយភ្លៅឆ្វេងជនរងគ្រោះឲ្យដេកក្នុងថ្លុកឈាមហើយក្រុមជនល្មើសទាំង០២នាក់នោះបានរត់គេចបាត់ពីកន្លែងកើតហេតុតែម្តង ។
ប្រភពដដែរ បានបន្តទៀតថា ជនរងគ្រោះបន្ទាប់ពីរងរបួសដោយគូទំនាស់កាប់ជាច្រើនដាវ និងបាញ់១គ្រាប់រួចហើយ ក៏ត្រូវបានអ្នកជិតខាងបាននាំគ្នាជួយលើកគ្រៀរជនរងគ្រោះឡើងម៉ូតូសណ្តោងរ៉ឺម៉កដឹកមកជួយសង្រ្គោះនៅមន្ទីរពេទ្យ ភ្លាមៗដើម្បីសង្គ្រោះជីវិត ។
ក្រោយកើតហេតុក្នុងករណីនេះដែរ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះបាននាំគ្នានិយាយថារឿងនោះប្រហែលជារឿងពាលសីុពាល ព្រោះក្រុមជនល្មើសទំនងជាមិត្តភ័ក្រនិងជនរងគ្រោះ ហើយប្រហែលជាចែកលុយគ្នាមិនត្រូវរហូតឈានទៅដល់ការឈ្លោះគ្នា ក្លាយជាហិង្សាបាននាំគ្នាតាមកាប់ និងបាញ់ក្នុងបំណងសម្លាប់ជនរងគ្រោះតែម្តង តែមិនបានសម្រេចនោះទេ ដោយសារតែជនរងគ្រោះរត់ចេញមកខាងក្រៅ ស្រែកឲ្យគេជួយ ទើបបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅអន្តរគមន៍ទាន់ពេលវេលា ធ្វើឲ្យក្រុមជនល្មើសភ័យនាំគ្នារត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ ហើយត្រូវក្រុមគ្រូពេទ្យជួយវះកាត់រួចរាល់ហើយ នឹងកំពុងសង្រ្គោះបន្តនៅមន្ទីរពេទ្យ ៕ ស ដារ៉ា