ភ្នំពេញ៖ នៅព្រឹកមិញថ្ងៃទី២០ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ Sunrise Japan Hospital” នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ទីរពេទ្យឯកជនរបស់ជប៉ុនលើកទី១ ដែលបានវិនិយោគលើវិស័យសុខាភិបាលដែលមានលក្ខណៈស្តង់ដាខ្ពស់ នៅកម្ពុជា។ គួរកត់សម្គាល់ផងដែរថា មុននឹងមន្ទីរពេទ្យឯកជននេះត្រូវបានកើតឡើង គឺរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុនបានជួយស្តារនិងកសាងប្រទេសកម្ពុជាដែលក្នុងនោះរួមមានស្ពានថ្នល់ និងមន្ទីរពេទ្យជាច្រើន។ សម្តេចតេជោ បានបញ្ជាក់ផងដែរអំពីទំនាក់ទំនងល្អរវាងលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzō Abe និងសម្តេចតេជោ ផ្ទាល់ក្នុងនាមជាដៃគូយុទ្ឋសាស្រ្តដ៏សំខាន់មួយ។ អ្នកវិនិយោគទុនជប៉ុនកាន់តែមានភាពកក់ក្តៅ និងជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយ Anna បានបើកជើងហោះហើរផ្ទាល់ពីជប៉ុនមកកម្ពុជាទៀតផង។
ពិតណាស់ នេះគឺជាការចាប់ផ្តើមនៃមន្ទីរពេទ្យឯកជនជប៉ុនដែលបានចំណាយថវិកា ៣៥ លានដុល្លារហើយមន្ទីរពេទ្យក៏មានគម្រោងបណ្តាក់ទុន ២០លានដុល្លារទៀតនៅឆ្នាំ ២០១៩ដើម្បីពង្រីកសេវាសុខភាពបន្ថែម។
សម្តេចតេជោ ហ៊ុន សែន បានសំណូមពរមន្ទីរពេទ្យសាន់រ៉ាយស៍ជួយពង្រឹងសមត្ថភាពរបស់គ្រូពេទ្យខ្មែរក្នុងប្រទេស និងពង្រឹងសេវាសុខភាពអោយកាន់តែល្អប្រសើរ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត មន្ទីរពេទ្យនេះ ក៏នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគបរទេសទៀតផង ដែលធ្វើអោយពួកគេមានជំនឿចំពោះសេវាថែទាំនិងព្យាបាលសុខភាពនៅកម្ពុជា។
នៅព្រឹកមិញនេះដែរ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកជំនាញសុខាភិបាលត្រូវតែពង្រឹងនិងទប់ស្កាត់កុំឲ្យជំងឺ Zika ចូលមកដល់កម្ពុជា ព្រោះពេលនេះជំងឺឆ្លងមួយនេះកំពុងមកដល់ក្បែររបងប្រទេសកម្ពុជាហើយ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់ប្រធានមន្ទីរពេទ្យសាន់រ៉ាយស៍ ផ្តល់ឱកាសដល់និស្សិតពេទ្យកម្ពុជា បានបំពេញទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពអោយបានពេញលេញក្នុងការផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋ។
មុននឹងសម្តេចតេជោ ហ៊ុន សែន កាត់ខ្សែបូសម្ពោធដាក់អោយមន្ទីពេទ្យនេះប្រើប្រាស់ជាផ្លូវការ សម្តេចតេជោបានថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzō Ab រដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជា ហើយសូមអោយមិត្តភាពកម្ពុជាជប៉ុនស្ថិតជាអមតៈ៕