ខេត្តត្បូងឃ្មុំ ៖ ឃ្លាំងស្តុកឈើប្រណីតប្រភេទធ្នង់មួយកន្លែងជាកម្មសិទ្ធិរបស់ចែណាក់ ប្រពន្ធលោក ប៉េង ហេងហាក់ អធិការ នគរបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងជា អតីតជាអធិការនគរបាលស្រុកមេមត់ដែរនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ក្រោម ការបញ្ជាពីផ្ទាល់ពីលោក ប្រាជ្ញ ច័ន្ទ អភិបាល ខេត្ត បានព័ទ្ធចាប់ កាលពីម៉ោងជិត៧ល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច ច្រកត្រាវ ស្ថិតក្នុងភូមិត្រពាំង រាំងកើត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្នុង ប្រតិបត្តិការបង្ក្រាបខាងលើកម្លាំងចម្រុះ បានឃាត់នូវរថយន្ត១គ្រឿងម៉ាកឡង់ គ្រីស័រ (ចាស់) ពណ៌ស្ករ គ្មានស្លាកលេខ និងឈើអារប្រណិតប្រភេទធ្នង់ជាច្រើនដុំ ដែលមានម្ចាស់ឈ្មោះ ភារម្យ ជាកូន ប្រសាររបស់ចែ ណាក់ ប្រពន្ធរបស់លោកអធិការនគរបាលស្រុកតំបែរ ។ ប៉ុន្តែមុន ពេលដែលសមត្ថកិច្ចទៅដល់ គឺម្ចាស់រថ យន្តឈ្មោះ ភារម្យ បានរត់គេចខ្លួនបាត់ ។ ប្រភពដដែលបន្តថា ក្រោយពីធ្វើការពិនិត្យជាក់ស្តែងឃើញថា កន្លងមកការរកស៊ីទិញ លក់ស្តុកឈើ និងការដឹកជញ្ជូនឈើរបស់ចែណាក់ខាងលើគឺគ្មានលិខិតអនុញ្ញាតិអ្វីឡើយ ហេតុនេះហើយកំលាំងសមត្តកិច្ច ចម្រុះ បានសម្រេចធ្វើការចាប់ឃាត់ឈើប្រណីតទាំងអស់ ព្រមទាំងរថយន រួមទាំង ម៉ូតូដឹកបទល្មើសមួយគ្រឿងនាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើមេមត់ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ។
ប្រភពពីប្រជាពលរដ្ឋបានលួចប្រាប់ឲ្យដឹងដែរថា ការចុះព័ទ្ធចាប់ឃ្លាំងស្តុកឈើ របស់ចែណាក់ម្សិលមិញ គឺធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ទើប សមត្ថកិច្ចជំនាញ និងកម្លាំងនគរបាល នៅទីនោះដាច់ចិត្តមកបង្ក្រាបទាំងទើសទាល់ បើមិនដូច្នេះទេ គឺពួកគេមិនចុះមកធ្វើការ បង្ក្រាបឡើយ ។
ប្រភពបានបន្តថា ជារៀងរាល់ខែ គឺចែ ណាក់ តែងតែឲ្យកូនប្រសារឈ្មោះ ភារម្យ យកលុយមកបង់ឲ្យខាងជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅទីនោះរួចរាល់អស់ ហើយ ទើបការរកស៊ីរបស់គាត់ដំណើរការទៅបាន យ៉ាងរលូនដល់បច្ចប្បន្ន ៕ ហេង នរិន្ទ្រ