ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃនៅតាមបណ្តោយផ្លូវណ័តប្រីឌ ប្រជាពលរដ្ឋព្រួយបារម្ភអំពីការគ្រោះថ្នាក់ សូមឲ្យអាជ្ញាធរជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការភ័យខ្លាចអំពីការឆក់ចរន្តអគ្គិសនី ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក៏ដូចជាអ្នករកស៊ី លក់ដូរ នៅតាមបណ្តោយផ្លូវណ័តប្រីឌ ខាងជើងស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បានសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខណ្ឌសែនសុខផ្ទាល់តែម្តង សូមជួយអន្តរាគមន៍ ចុះកាត់ខ្សែភ្លើងទាំងនោះចោល ឬក៏តបណ្តាញថ្មីឡើងវិញ ឲ្យបានសមរម្យ ចៀងវាងធ្លាក់រញ៉េរញ៉ៃ ដល់លើផ្លូវ ហើយនៅពេលមានភ្លៀងធ្លាប់មកម្តងៗ ខ្សែភ្លើងទាំងនេះ នៅត្រាំទឹក ដែលធ្វើពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំងអំពីការ ឆ្លងចរន្តអគ្គិសនីឆក់ ។

ប្រជាពលរដ្ឋរៀបរាប់ឲ្យដឹងថា ខ្សែភ្លើងធ្លាប់រញ៉េរញ៉ៃបែបនេះ គឺកើតឡើងជាច្រើនខែមកហើយ មិនដែលឃើញមានស្ថាប័នពាក់ព័ន្ធមួយណា ចុះមកពិនិត្យមើលម្តងណាឡើយ ដោយទុកបណ្តោយឲ្យខ្សែភ្លើងទាំងនោះ ធ្លាក់រយីងរយោង នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភណ្ឌភាពទីក្រុង ភ្នំពេញ ជាពិសេសខ្សែភ្លើងទាំងនេះដាច់ធ្លាក់ដល់ដី ខណៈភ្លៀងធ្លាក់ម្តងៗ ខ្សែភ្លើងទាំងនេះ នៅត្រាំក្នុងទឹក ដែលធ្វើឲ្យពួកគាត់ទាំងអស់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំងអំពីការឆក់ចរន្តអគ្គិសនី ។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវណប្រីឌ ក្តី ឬ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ក្តី សូមកុំមានការព្រួយបារម្ភអំពីឆក់ចរន្តអគ្គិសនី ពីព្រោះខ្សែទាំងនេះ គឺជាខ្សែទូរស័ព្ទ ក៏ដូចជាខ្សែ Internetជាដើម ដូច្នេះខ្សែទាំងនេះមិនមានចរន្តភ្លើងឆក់ដល់មនុស្សនោះឡើយ ហើយចំពោះផលប៉ះពាល់ផ្សេងៗនោះ គឺជាអាជ្ញាធរខណ្ឌ និងសហការជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាក្រុមហ៊ុន ខ្សែទូរស័ព្ទ ក៏ដូចជាខ្សែ Internet ទាំងនោះ ដើម្បីចុះកាត់ចេញ នឹងរៀបចំតបណ្តាញឲ្យបានល្អឡើងវិញ នៅថ្ងៃណាមួយមិនខាន ប៉ុន្តែគ្រាន់មានការយឺតយ៉ាវបន្តិច ដោយសារបច្ចុប្បន្នអាជ្ញាធរកំពុងតែចុះកាត់នៅតាមបណ្តោយធំៗ សំខាន់ៗ សិន ទើបបន្តចុះកាត់តាមផ្លូវតូចៗ ៕ តុង សីហា

ae-3 ae-2 ae-1 ae ae-4


ចែករំលែក៖