ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បាន ប្រើអំពើហិង្សាវាយដំលើជនរងគ្រោះជា សង្សារអស់ជាច្រើនដងធ្វើឲ្យនាងទ្រាំមិន បានក៏សម្រេចចិត្តដាក់ពាក្យប្ដឹងដៃគូរបស់ ខ្លួនឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម លោក ជា ដា មេបញ្ជាការកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចបានស្រាវជ្រាវ និងនាំខ្លួនជន សង្ស័យឈ្មោះ វ៉ន វ៉ាត់ ហៅប្រេះ អាយុ ៣១ឆ្នាំ មានស្រុកកំណើតភូមិបាក់ព្រី ឃុំ បឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត។
លោកបន្តថា យុវតីរងគ្រោះឈ្មោះ មុត គន្ធា ហៅដា អាយុ២៤ឆ្នាំ មានទីលំនៅភូមិ ប្រឡាយហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គល បុរី បានរៀបរាប់ថា នាងបានចាកចេញពី ស្រុកកំណើតទៅបម្រើការងារនៅកាស៊ីណូ ហូលីដេ ផាលេស ក្នុងក្រុងប៉ោយប៉ែត និង មានទំនាក់ទំនងស្នេហាជាមួយឈ្មោះ វ៉ន វ៉ា ដោយពុំបានរៀបការឡើយ ហើយបាន រួមរស់ជាមួយគ្នាដូចជាប្តីប្រពន្ធទៅហើយ។ ប៉ុន្តែមួយរយៈនេះពួកគេកើតមានជម្លោះ មិនចេះចប់មិនចេះហើយ ទើបនាងដាច់ ចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់សង្សាររបស់ខ្លួន តែម្ដង។
លោកបន្តថា ការរស់នៅជាមួយ គ្នា ពួកគេពុំដែលចុះសម្រុងនឹងគ្នាទេ ពោលគឺ តែងតែកើតមានជម្លោះនឹងគ្នាជាច្រើនលើក ដោយមូលហេតុជនសង្ស័យខាងលើ ប្រច័ណ្ឌលើរូបនាង និងប្រើអំពើហិង្សាលើ រូបនាងលើកចុងក្រោយជនសង្ស័យបាន យកខ្សែឆ្នាំងសាកទូរស័ព្ទ និងច្រវាក់ចង ដៃចងជើងហើយយកកាំបិតភ្ជង់កនាង ទៀតផង។
ក្រោយពីសាកសួរ ជនសង្ស័យបាន សារភាពថា រូបគេពិតជាបានប្រើអំពើហិង្សា លើរូបនាងចំនួន៥លើកដូចការចោទ ប្រកាន់របស់ជនរងគ្រោះប្រាកដមែន។ យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមាន ជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ហេង នរិន្ទ្រ