ខេត្តកំពង់ចាម៖ មនុស្សយ៉ាងតិច៣នាក់ ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត និង៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកខ្សាច់បុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរ ស្ថិតនៅម្តុំស្គន់ ផ្លូវជាតិលេខ6 ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តដឹកខ្សាច់ ទៅបុករថយន្តក្រុង បានបណ្តាលឲ្យស្លាប់៣នាក់ ដោយគៀបជាប់នៅក្នុងរថយន្ត និងរបួសធ្ងន់ ស្រាល៧នាក់។
ប្រភពបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង ដោយនៅមុនពេលកើតហេតុ ឡានក្រុង មកពីជើងទៅត្បូង មកពីសៀមរាបដឹកអ្នកដំណើរធម្មតាទេ រីឯឡានដឹកខ្សាច់មកពីត្បូងទៅជើង ពីស្គន់ទៅសៀមរាប ហើយរំលោភបុកឡានក្រុង មកជ្រះទិសគ្នា តែម្តង ។
ប្រភពអះអាងថាជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះ រួមមាន:
១ លឹម ហ្វា អ្នកបើកបររថយន្តហ៊ិនដាយ (យីឌុក) ភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង, ២ ឈ្មោះ ប៊ុន ដានី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំសំរោង ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប និង៣ ឈ្មោះអាត់ ខន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដែលជាអ្នកដំណើរជិះឡានក្រុង ។
ជាមួយគ្នានេះផងដែរ សមត្ថកិច្ច បានយកជនរងគ្រោះដែលរងរបួសធ្ងន់២នាក់ និងរបួសស្រាល៥នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ៕