ខេត្តកំពង់ធំ៖ រយៈពេលតែ១ខែប៉ុណ្ណោះ មានមនុស្សជា៤នាក់ហើយ បានលង់ទឹកស្លាប់ ពេលដែលបានផឹកស្រាស្រវឹង ហើយចុះងួតទឹក ចុះដកព្រលិត និងចុះបង់ត្រីជាដើម បានធ្វើឲ្យលង់ទឹកស្លាប់គឺបណ្តាលមកពីជាតិសុរា ។
ជាក់ស្តែងបុរសម្នាក់ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលដែលមានពិធីស្ទូចត្រី បង់សំណាញ់ហើយអាំងត្រីក្លែមជាបណ្តើរ ក្រោយមកបុរសឈ្មោះ អ៊ឹម សុផាត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្រវឹងជោគហើយបានចុះបង់សំណាញ់ ក្រោយមកក៏លង់ទឹកស្លាប់ តែម្តងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦ នៅប្រឡាយខាងជើងភូមិវាលអំពិល ។
តាមប្រភពព័ត៌មានពីអ្នកបានឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្របពេលដែលពេលទំនេរក្នុងឱកាសបុណ្យកាន់បិណ្ឌ ក៏នាំគ្នា៥នាក់ទៅបង់សំណាញ់យកត្រីដុតផឹកស្រាបៀរ និងផ្ក្លែម ខណៈពេលដែលបង់ត្រីបានមួយសន្ទុះក្រោយមក ក៏បានត្រីយកមកដុតក្លែមបណ្តើរ ច្រៀងលេងបណ្តើរ ចំណែកជនរងគ្រោះឈ្មោះ អ៊ឹម សុផាត មានអាការៈស្រវឹងខ្លាំងជាងគេ ត្រូវបានមិត្តរួមកម្មវិធី ហាមមិនអោយចុះទឹក លុះស្ងាត់ជនរងគ្រោះក៏បាត់ពីវង់កម្មវិធី ក្រោយមកក៏បានឃើញលង់ទឹក ខណៈនេះ មិត្តភ័ក្កបាននាំគ្នាស្ទុះទៅជួយស្រង់ ដើម្បីសង្រ្គោះអាយុជីវិត តែជាអកុសល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕ ប៊ុន រិទ្ធី