ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្លន់កាលពីឆ្នាំ២០០៥

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់របស់តុលាការខេត្ដនេះ ខណៈចូលផ្ទះវិញ បន្ទាប់ពីធ្វើសកម្មភាពប្លន់កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៥ ដែលប្រព្រឹត្តនៅភូមិចុងកៅស៊ូ ឃុំ ស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានប្រាប់ឱ្យដឹងថាជនសង្ស័យមានឈ្មោះ យឿម ភូ ហៅ ថូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្មានកើតនៅជុំរុំសាយប៊ី ប្រទេសថៃ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងក្រុមទី១៩ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងបានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យនេះគឺសមត្ថកិច្ចនគរបាល បានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៥៩ ចេញដោយលោកសួស ឡា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាបចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៧ ដោយចោទប្រកាន់ ពីបទ ប្លន់ដែលបានប្រព្រឹត្តនៅភូមិចុងកៅស៊ូ ឃុំ ស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៥ដែលបទល្មើសនេះមានចែងឱ្យផ្តន្ទាទោសតាមបញ្ញាតិ្តមាត្រា ៦នៃច្បាប់ស្តីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ ។

លោកបានបញ្ជាក់បន្ថែមថា ជនសង្ស័យក្រោយពីបានប្រព្រឹត្តបទល្មើសរួចបានរត់គេចខ្លួនបាត់ដោយមិនដឹងជាស្ថិតនៅទីណាបន្ទាប់ពីបានទទួលដីកាបង្គាប់ឱ្យចាប់ខ្លួនរួចមកកម្លាំងនគរបាលយើងបានស្រាវជ្រាវរហូតដល់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៦នេះទើបសមត្ថកិច្ចនគរបាលយើងឃាត់ខ្លួនបានជនសង្ស័យនៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ជានិរន្ដរ៍

de


ចែករំលែក៖