ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខនារី២០រូបជាប់ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រកញ្ញាឯកកម្ពុជា២០១៦

ចែករំលែក៖

ភ្នំពេញៈ បន្ទាប់ពីបើកយុទ្ធនាការស្វែងរកកញ្ញាឯកកម្ពុជា អស់រយៈពេលជាង៣សប្តាហ៍ ដែលបានពាក្យសុំប្រឡងរាប់រយកន្លងទៅនេះ ទីបំផុត បានរកឃើញកញ្ញាឯកកម្ពុជាផ្លូវការ២០រូប នៃកម្មវិធីប្រឡងជ្រើសរើស «កញ្ញាឯកកម្ពុជា២០១៦ សម្រស់ព្រះរាជាណាចក្រខ្ញុំ» ។

ពិធីប្រកាសបេក្ខនារីសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ បានត្រូវធ្វើឡើងនៅសាលពិធី Ballroom នៃសណ្ឋាគារណាហ្គាវើល ដែលជាមណ្ឌលកម្សាន្តប្រណីតមួយក្នុងតំបន់ឥណ្ឌូចិន ។

លោក Romyr  Libo-on  នាយកចាត់ការទូទៅនៃក្រុមហ៊ុនភ្នាក់ងារ«អារ៉ាយអេជិនស៊ី   Arise  Agency»និងជាអ្នករៀបចំកម្មវិធីប្រឡងកញ្ញាឯកកម្ពុជា២០១៦បាននិយាយថា«កម្មវិធីប្រឡងកញ្ញាឯកកម្ពុជាឆ្នាំ២០១៦នេះនឹងធ្វើឲ្យសុបិន្តរបស់សុភាពនារីកម្ពុជាក្លាយជាការពិត»។

លោកបានបន្ថែមថា«ដល់ពេលដែលយើងត្រូវស្វែងរកសុភាពនារីកម្ពុជាវ័យក្មេងដែលមានទាំងរូបសម្បត្តិ ចរិយាសម្បត្តិ ប្រាជ្ញានិងរក្សាបាននូវប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរដើម្បីតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាក្នុងការប្រឡងកញ្ញាឯកជាលក្ខណៈអន្តរជាតិ»ហើយ។

លោកបានបញ្ជាក់ថាគោលបំណងចម្បងនៃការរៀបចំប្រកួតកញ្ញាឯកនេះ គឺស្វែងបេក្ខនារីកម្ពុជាស្រស់ស្អាតមានមន្តសេហ្ន៍និងប្រាជ្ញាដើម្បីគ្រងម្កុដកញ្ញាឯកកម្ពុជា២០១៦និងចង់ឱ្យបេក្ខនារីខ្មែរបង្ហាញសមត្ថភាពនិង ទេពកោសល្យរបស់ខ្លួន។

គួររម្លឹកថាអ្នករៀបចំកម្មវិធីនិងគណៈកម្មាធិការជ្រើសរើស បានទៅខេត្តបាត់ដំបង  កំពងចាម  តាកែវ  និងរាជធានីភ្នំពេញនៅក្នុងវគ្គជ្រើសរើសដំបូង។ កញ្ញាឯកទាំងអស់នឹងចូលរួមធ្វើសកម្មភាពជាច្រើនផងដែរ ដូចជាធ្វើដំណើរកម្សាន្តនិងលើកកម្ពស់អេកូទេសចរណ៍ក្នុងខេត្តព្រះសីហនុ ការធ្វើទស្សនកិច្ចទីតាំងវប្បធម៌ក្នុងខេត្ត សៀមរាប ចូលរួមការងារសង្គមក្នុងរាជធានីភ្នំពេញនិង ទស្សនកិច្ចជាច្រើនកន្លែងទៀតក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ចាប់ពីម៉ោង៧យប់ដល់១០យប់នៅណាហ្គាវើល៕ស ដារ៉ា

image10 image1 image2 image3 image4 image5 image6 image7 image8 image9


ចែករំលែក៖