ព័ត៌មានទាន់ហេតុការណ៍៖

សុខពិសីរងការរិះគន់ជាថ្មីរឿងមិនគោរពពេលវេលា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងសុខ ពិសី ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងទទួលបានការគាំទ្រច្រើន ពីក្រុមយុវវ័យហើយ នាងក៏ទទួលបានឱកាសការងារច្រើនជាមួយនឹងការឡើងច្រើន និងសម្តែង ។ទោះជាយ៉ាងណា តារាស្រីរូបនេះ ទទួលរងការរិះគន់ថា ជាតារាមិនគោរពពេលវេលា ជាញឹកញាប់ ។

ទោះបីជាប្រជាប្រិយភាពតារាចម្រៀងស្រី សុខ ពិសី ហាក់មិនថយក្តីក៏គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មិនសូវទទួលបានឱកាសការងារជាតារាតំណាងផលិតផលណាមួយដូចកាលពី៣ឆ្នាំមុននោះទេ។ ទោះបីជានាងស្ថិតក្នុងតារាចម្រៀងលំដាប់ជួបមុខនៅកម្ពុជាក្តីប៉ុន្តែបើធៀបទៅនឹងតារាចម្រៀង ឱក សុគន្ធកញ្ញា កញ្ញា មាស សុខ សោភា កញ្ញា សុគន្ធ នីសា អ្នកនាងពេជ្រ សោភា ជាដើមសុទ្ធតែបានក្លាយជាតារាតំណាងផលិតផលជាច្រើន។ មានការទម្លាយឲ្យដឹងពីក្រុមអ្នកគ្រប់គ្រងនិងផលិតស្ប៉តពាណិជ្ជកម្មមួយចំនួនលើកឡើងអំពីផលលំបាកមួយចំនួនដែលពួកគេប្រឈមដោយសារតារាចម្រៀងសុខពិសីបង្កឡើងដែលនាំឲ្យរាំងស្ទះដល់ក្រុមការងារផលិតកម្មវិធី ។

អ្នកផលិតកម្មវិធីម្នាក់លើកឡើងថាកន្លងមកលោកធ្លាប់បានទទួលសិទ្ធិក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយដូចជាការប្រគុំតន្ត្រីការរៀបចំសន្និសីទ្ធកាសែតការថតស្ប៉តពាណិជ្ជកម្មនិងការដាក់តាំងលក់ផលិតផលពីក្រុមហ៊ុនធំមួយដោយក្រុមហ៊ុននោះបានជ្រើសរើសយកតារាចម្រៀងសុខពិសីធ្វើជាតារាតំណាងផ្សព្វផ្សាយប្រយោជន៍ទាក់ទាញការចាប់អារម្មណ៍ពីក្រុមយុវវ័យ។អ្វីដែលធ្វើឲ្យក្រុមការងារលោកឈឺក្បាលគឺក្រោយពេលការខកខាននិងមិនគោរពពេលវេលាជាញឹកញាប់របស់តារាចម្រៀងរូបនេះ។

លោកលើកឧទាហរណ៍ថា គ្រាន់តែការណាត់ជួបកាត់សម្លៀកបំពាក់សម្រាប់នាងសោះក៏ត្រូវចំណាយពេលវេលាជិត២សប្តាហ៍ដែរដោយសារនាងលើកហេតុផលថា ជាប់រវល់។ ក្រៅពីនេះនៅមានបញ្ហាមួយចំនួនទៀតដែលនាំឲ្យក្រុមការងារលោកឈឺក្បាលពិសេសគឺការមកចូលរួមកម្មវិធីមិនទៀងទាត់តាមកាលកំណត់។លោកបង្ហាញពីអារម្មណ៍ខ្លាចរអារចំពោះការមិនគោរពកិច្ចសន្យានិងពេលវេលារបស់សិល្បករមួយចំនួនដែលនាំឲ្យក្រុមការងារផលិតត្រូវរង់ចាំរហូតដល់ពេលខ្លះត្រូវខាតបង់ពេលវេលាឥតប្រយោជន៍ត្រូវត្រឡប់មកកាន់ការិយាល័យវិញទាំងមិនបានផលិតឫថតកម្មវិធីដោយសិល្បករលើកហេតុផលថាជាប់រវល់ស្ទះចរាចរណ៍ជាដើម។ ថ្មីៗនេះដែរក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីសប្បុរសធម៌មួយ តារាស្រីរូបនេះបានធ្វើដំណើរមកយឺតយ៉ាវ រហូតដល់សិល្បករក្មេងចាស់ប្រុសស្រីមួយចំនួនរអ៊ូរទាំនឹងការរងចាំ។

នេះមិនមែនជាលើកទីមួយទេដែលអ្នកដឹកនាំនិងផលិតកម្មវិធីទាក់ទងនឹងសិល្បៈធ្វើការរិះគន់ពីការមិនគោរពពេលវេលារបស់សិល្បករដែលវាបានស្ទើរតែក្លាយទៅជាទម្លាប់ពិសេសសិល្បករដែមានឈ្មោះល្បីមួយចំនួន។ទាក់ទិននឹងការរិះគន់នេះតារាចម្រៀងសុខពិសីមិនទាន់ទទួលបានការបញ្ជាក់ណាមួយនៅឡើយ។

គេនៅចាំបានថាកន្លងទៅពិធីការិនីនិងអ្នកផលិតកម្មវិធីទូរទស្សន៍CTNធ្លាប់បានធ្វើការរិះគន់សិល្បករដែលមិនគោរពពេលវេលា។អ្នកនាងយុគចិន្ដាបាននិយាយថាក្នុងនាមជាតារាល្បីម្នាក់មិនគួរណាមិនចេះគោរពពេលវេលាដូច្នេះសោះ ។ ការមិនចេះគោរពពេលវេលា អាចនឹងធ្វើឲ្យបាត់បង់តម្លៃសិល្បៈនិងប្រជាប្រិយភាពរបស់ខ្លួន ។ ទោះបីជាការិះគន់នេះមិនចំពោះសិល្បករណាម្នាក់ក្តីក៏នាងបញ្ជាក់ដែរថាធ្វើជាអ្នកសិល្បៈហើយជាតារាល្បីទៀតបើយើងមិនឲ្យតម្លៃពេលវេលានិងខ្លួនឯងទេគួរណាតែឲ្យតម្លៃទៅលើអ្នករៀបចំកម្មវិធីព្រោះការផ្សាយរបស់កម្មវិធីនីមួយៗមានម៉ោងនិងកាលកំណត់របស់គេ ៕ វឌ្ឍនា

 

img_5974


ចែករំលែក៖