ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុករ៉ឺម៉កបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ : បុរសបានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកឥវ៉ាន់ជាមួយប្រពន្ធធ្វើដំណើរ ពីខេត្តសៀមរាបគោលបំណងទៅស្រុកកំណើតនៅខេត្តតាកែវ តែជាអកុសលឈប់រ៉ឺម៉កអែបជាប់ចិញ្ចើមផ្លូវ ចុះមើលធុងទឹកត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកមកបុកបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកញ្ញា ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ នៅមុខច្រកចូលវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមសម្តីរបស់ប្រពន្ធមានឈ្មោះ អ៊ែម ស្រីអូន អាយុ ៣៧ បានអោយដឹងថាសពប្តីរបស់គាត់ឈ្មោះ គន្ធ ចាន់ អាយុ ៣៨ឆ្នាំមុខរបរបើករ៉ឺ៉ម៉កដឹកឥវ៉ាន់នៅខេត្តសៀមរាប និងមានស្រុកកំណើតនៅភូមិសង្ហារ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

នៅមុនពេលកើតហេតុ ពួកគាត់បានធ្វើដំណើរចេញពីខេត្តសៀមរាបតាំពីម៉ោង១រសៀល ដោយមានដឹកតុបាយមួយឈុតនៅលើរ៉ឺម៉ក លុះមកដល់ម៉ោងកើតហេតុពួកគាត់បានឈប់ចតនៅចំណុចកើតហេតុខាងលើ ដើម្បីហូបបាយ លុះហូបបាយរួច ប្តីរបស់គាត់បានដើរទៅក្បែររ៉ឺម៉កដើម្បីមើលធុងទឹក ដែលចតជាប់និងថ្នល់ ខណៈនោះក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកតាមបណ្តោយផ្លូវជាតិ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន រ៉េចង្កូតធ្លាក់ផ្លូវមកបុកប្តីគាត់ដែលកំពុងឈរអោនមើលធុងទឹកប៊ើងហោះបុក និងរថយន្តកុងតឺន័រមួយគ្រឿងដែលចតនៅក្បែរនោះបានបណ្តោយអោយក្បាលប្តីគាត់បោកនិងដែករថយន្តបាក់ក និងបែកលលាដ៍ស្លាប់យ៉ាងអណោចអធមន៍ ។ ចំណែកឯរថយន្តបង្កហេតុឃើញសភាពបែបដូច្នោះក៏បន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងប្រគល់សាកសពជនរងគ្រោះទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖