ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលបន្តការផ្តល់អំណាច វិស័យអប់រំទៅថ្នាក់ក្រោមជាតិ

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានជំរុញឲ្យមានការបែងចែកអំណាចសម្រាប់វិស័យអប់រំទៅឲ្យថ្នាក់ក្រោមជាតិ ទទួលរ៉ាប់រង ដើម្បីធានាបាននូវគុណភាព អប់រំ និងសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា។

ក្នុងគោលដៅពង្រឹងគុណភាពនៃការអប់រំនៅតាមសាលារៀន ត្រូវបានផ្តោតការគាំទ្រដ៏ប្រយ័ត្នប្រយែង ចំពោះការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធអប់រំ ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន និងការពង្រឹង ការអប់រំនៅមធ្យមសិក្សា។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ បែបនេះ ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សាចំនួន១ខ្នង មាន១០បន្ទប់ នៅក្នុងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ២៨ កញ្ញា ឆ្នាំ២០១៦ ។

សម្ដេចក្រឡាហោម ខ ខេង បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល នៅតែបន្តខិតខំអភិវឌ្ឍន៍ធនធាន មនុស្ស តាមរយៈលើកកម្ពស់វិស័យអប់រំ និងការបែងចែកអំណាច ទៅដល់ វិស័យនេះ។ សម្តេចក្រឡាហោម បន្តថា «មានធនធានមនុស្ស គឺមានអ្វីៗទាំងអស់។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលខិតខំជំរុញ និងធ្វើកំណែទម្រង់វិស័យអប់រំ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស បើទោះជាមិនទាន់ជោគជ័យគួរជាទីពេញចិត្តនៅឡើយក្តី»។

ការអបរំ គឺជាការងារដ៏សំខាន់មួយ ដែលត្រូវបានរាជរដ្ឋាភិបាល បែងចែកអំណាចទៅឲ្យថ្នាក់ក្រោមជាតិទទួលខុសត្រូវ។

តាមរបាយការណ៍ បញ្ជាក់ឲ្យដឹងពីនាយក សាលាវិទ្យាល័យ ជាសីុម ជ្រោយចង្វារនេះថា៖ អគារសិក្សានេះ ធ្វើពីឥដ្ឋប្រក់ក្បឿង កម្ពស់៣ជាន់ រាប់ទាំងជាន់ផ្ទាល់ដី មានទំហំទទឹងប្រវែង៩ម៉ែត្រ និងបណ្តោយប្រវែង៤៨ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ក្នុងខែសីហា ឆ្នាំ២០១៥ និងបញ្ចប់ជាស្ថាពរនៅខែឧសភាឆ្នាំ២០១៦ នេះ ដែលការចំណាយថវិកា ផ្ទាល់ពីរាជរដ្ឋាភិបាល តាមរយៈសាលា រាជធានីភ្នំពេញ អស់ប្រមាណជាង១០មឺុនដុល្លារ ។

លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រៅពីសំណង់អគារសិក្សានេះ ក៏ មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត គិតជាទឹកប្រាក់ក្នុងការចំណាយជាង ១.៥៩៣ពាន់លានរៀន ដែលជាកញ្ចប់ថវិការបស់រាដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ។

អគារសិក្សាថ្មី និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ នឹងក្លាយជាធាតុចូលបន្ថែមដ៏សំខាន់ ក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ពិសេសចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសាបព្រោះចំណេះដឹង និងបណ្តុះបណ្តាលស្មារតីសិស្សានុសិស្ស គ្រប់រូបឲ្យមានមោទនភាពជាតិ មានសីលធម៌ល្អ សុចរិតធម៌ និងគុណធម៌ខ្ពស់ ព្រមទាំងមាន សុទិដ្ឋិនិយម ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។ ឯ.ឧអភិបាលបញ្ជាក់ថា «អគារសិក្សា១ខ្នងនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្តល់ជូនវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ដើម្បីរួមចំណែកពង្រឹងគុណភាពអប់រំ អភិវឌ្ឍន៍ធនធានមនុស្ស និងពង្រីកការផ្តល់សេវាអប់រំ ក្នុងមូល ដ្ឋាននេះឲ្យកាន់តែប្រសើរឡើង»។

កាលពីឆ្នាំ១៩៧៩-១៩៨០ នៅទូទាំង រាជធានីភ្នំពេញ មានតែសាលា បឋម សិក្សាចំនួន៤០ទីតាំង អនុវិទ្យាល័យ ៣ទីតាំង និងគ្មានវិទ្យាល័យនោះឡើយ ព្រមទាំងមានសិស្សចូលរៀនត្រឹមតែជាង៤ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ឆ្នាំសិក្សា២០១៥-២០១៦ សាលាបឋមសិក្សា បានកើនឡើងដល់១៦៤ទីតាំង អនុវិទ្យាល័យចំនួន៣២ទីតាំង វិទ្យាល័យចំនួន៣៤ទីតាំង និងសាលាមតេយ្យសិក្សា មានចំនួន២៤ទីតាំង ព្រមទាំងមានសិស្សចូលរៀនជាង៣០ម៉ឺននាក់ ៕ សំរិត

 

image6 image1 image2 image3 image4 image5


ចែករំលែក៖