ភ្នំពេញ៖ ចោរម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានម្នាក់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចខណៈដែលពួកគេធ្វើសកម្មភាពលួចម៉ូតូម៉ាកវ៉េវ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ាកវ៉េវមួយគ្រឿង របស់បុរសម្នាក់ជាសិស្សនៅមុខសាលាបញ្ញាសាស្រ្ត នៅតាមបណ្តោយផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពត៌មានពីជនរងគ្រោះបានឱ្យដឹងថា រូបខ្លួនទើបតែចេញមកពីរៀនហើយទុកម៉ូតូម៉ាកវ៉េវ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពុងភ្នំពេញ1fE.5166នៅមុខផ្ទះ ស្រាប់តែឃើញមានជនសង្ស័យចំនួន២នាក់ ជិះមកក្រវែលទៅ ក្រវែលមក ជាច្រើនជុំ ប៉ុន្តែមិនបានចាប់អារម្មណ៍ មួយសន្ទុះក្រោយមក ក៏បានលឺសំឡេងម៉ូតូឆេះ រូបខ្លួនក៏បានក្រោកទៅមើល ស្រាប់តែឃើញជនសង្ស័យ២នាក់ កំពុងតែធ្វើសកម្មភាពជិះចេញទៅ ក៏បានស្រែកផ្អើលប្រជាពលរដ្ឋ ពេលនោះក៏ផ្អើលដល់សមត្ថកិច្ចតាមវិឡុទាក់ទាង លោកអធិការរងខណ្ឌចំការមន ហ៊ាង ថារ៉េត បានបញ្ជាកម្លាំងសមត្ថិកិច្ចមកកន្លែងកើតហេតុភ្លាមៗ បានស្ទាក់ចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ជនសង្ស័យម្នាក់នេះ ត្រូវបានគេស្គាល់ថា មានឈ្មោះ សំ ភារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅម្ដុំចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរកម្មកររោងចក្រ ជនរងគ្រោះមានឈ្មោះ ប៊ុន ម៉ារ៉ាឌី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ៕ ស រស្មី