ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យស្រាវជ្រាវករណីចៅប្រុសម្នាក់ បានសម្លាប់លោកជីដូនខ្លួនឯង ប្លន់យកមាស និងលុយ ដើម្បីមនុស្សស្រីជាសង្សារ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅខេត្តរតនគីរី ។ បច្ចុប្បន្នកំពុងបញ្ជូនខ្លួនយក មកខេត្តព្រះសីហនុវិញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
វរសេនីយ៌ឯក អ៊ួង វទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភុំ វាសនា ហៅស្នា រឺ ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកវរសេនីយ៌ឯក អ៊ួង វទ្ធី បានឲ្យដឹងបន្តថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៨ និង៣០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងក្រុម១០ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្សឃាតគិតទុកជាមុន (ចៅប្លន់សម្លាប់យាយ) ដោយជនសង្ស័យបានធ្វើសកម្មភាពប្រើខ្នើយខ្ទប់មុខ ច្របាច់ក និងយកជង្គង់សង្កត់លើដើមទ្រូងទៅលើជនរងគ្រោះឈ្មោះ អៀន ម៉ន ភេទស្រី អាយុ៨៩ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ (ត្រូវជាយាយទួតរបស់ជនសង្ស័យ) បណ្តាលឲ្យថប់ដង្ហើមបាក់ឆ្អឹងស្លាប់នៅនឹងកន្លែងតែម្តង បន្ទាប់ពីសកម្មភាពសម្លាប់ជនរងគ្រោះរួច ជនសង្ស័យ ក៏បានលួចយកទ្រព្យសម្បត្តិ រួមមាន ៖
-ខ្សែកមាស១ខ្សែទម្ងន់១ជី ៩ហ៊ុន ។
-ប្រាក់ចំនួន៥០ម៉ឺនរៀល ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានយកសោ មកចាក់ទ្វារផ្ទះជនរងគ្រោះពីខាងក្រៅ ហើយរត់គេចខ្លួនបាត់ ។
លោកវរសេនីយ៌ឯក អ៊ួង វទ្ធី បានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មានកម្លាំងជំនាញ បានចុះពិនិត្យកន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។ ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីដោយលោក ឆាយ
សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ និងដឹកនាំអនុវត្តបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ជាស្នងការរងព្រហ្មទណ្ឌនគរបាលខេត្តព្រះសីហនុ និងលោកវរសេនី យ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានពន្លាតដែនដី ស្រាវជ្រាវបង្ក្រាបជនសង្ស័យខាងលើបាននៅខេត្តរតនគិរី បន្ទាប់ពីជនសង្ស័យរត់គេចខ្លួនអស់រយៈពេល២៥ម៉ោង ។
បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់ខាងលើពិតប្រាកដមែន ។ មូលហេតុខឹងយាយ ពូកែជេរស្តី និងមិនពេញចិត្តនឹងសង្សាររបស់ខ្លួន។ ពេលសង្សារខ្លួនត្រឡប់ទៅផ្ទះនៅខេត្តរតនគិរីវិញ ក៏មានចិត្តខឹង និងគិតថា នឹងសកម្មភាពសម្លាប់យាយយកលុយនិងមាស ដើម្បីទៅតាមសង្សារ ។ លុះពេលខ្លួននៅផ្ទះតែពីរនាក់លោកយាយ ក៏ធ្វើសកម្មភាពតែម្តង ។
បច្ចុប្បន្នកម្លាំងបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំតាមនិតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច