ខេត្តកំពង់ចាម៖ ហេតុការណ៍ដែលមិននឹកស្មានដល់មួយបានកើតឡើងនៅផ្ទះលក់គ្រឿងក្លែមមួយកាលពីវេលាម៉ោង១៧និង៥០នាទីល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រោះតែបុរស៤នាក់បានត្រូវរបួសព្រមៗគ្នានៅនឹងកន្លែងតែមួយ ដោយសារតែត្រូវបុរសម្នាក់យកកាំបិតបុ័ងតោកាប់ គ្រាដែលបុរសទាំង៤ទៅផឹកស៊ី ហើយញ៉ែអ្នកលក់ ដែលជាភរិយាជនដៃដល់ ។
ប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ មានបុរស៤នាក់បាននាំគ្នាមកផឹកស៊ីផ្ទះលក់ដូររបស់ឈ្មោះ ឌី ហ៊ន ភេទប្រុស អាយុ៥២ឆ្នាំ ស្ថិតក្នុងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ នៅពេលដែលកំពុងផឹកស៊ីនោះ បុរសទាំង៤បាននិយាឡែបខាយ ផ្លែផ្កា ញ៉ែស្ត្រីអ្នកលក់ជាច្រើនដង ធ្វើឲ្យបុរសជាប្តីស្ត្រីអ្នកលក់ដែលនៅទីនោះឈ្មោះ ធឹម ចាន់ថន អាយុ២៧ឆ្នាំ ខឹងសម្បារយ៉ាងខ្លាំង ដោយសារតែការប្រចណ្ឌ ។
នៅពេលនោះ ឈ្មោះធឹម ចាន់ថន បានយកកាំបិតបុ័ងតោកាប់យ៉ាងវីវក់ទៅលើបុរសទាំង៤នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ រួមមានឈ្មោះ៖
១ ហ៊ី គន្ធា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវរបួសចំកញ្ចឹងកពីក្រោយ (របួសធ្ងន់) ។
២ ហាក់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅជាមួយគ្នា ត្រូវរបួសចំស្មាខាងឆ្វេងមួយកន្លែង, ចិញ្ចើមមួយកន្លែង និងថ្ពល់ខាងស្តាំមួយកន្លែង(របួសធ្ងន់) ។
៣ ម៉េង គុណ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញរងរបួសដៃមួយកន្លែង និងទី៤ ឈ្មោះ ផេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ត្រូវរបួសក្បាល២កន្លែង ។
លោក សួន រស់ អធិការរងនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា ក្រោយកើតហេតុ ជនសង្ស័យឈ្មោះ ធឹម ចាន់ថន បានរត់គេចខ្លួន ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ ។ ចំណែកអ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកព្រៃឈរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបន្តទៀត ៕ ហេង នរិន្ទ្រន៍