ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់ ជាជាងផ្សាតុ ទូ បានឆ្លងចរន្តអគ្គិសនីពីខ្សែម៉ូទ័រ បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងរោងសិប្បកម្មធ្វើតុ ទូ កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹក ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងរោងសិប្បកម្មធ្វើតុទូ ផ្លូវលេខ១០៣ ក្រុម២៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ វក់ ង្វៀង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្នុងសិប្បកម្មកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបាននាំយកម៉ូទ័រស្វានជើងតុក្បែរមាត់ទ្វារ ក្នុងរោងសិប្បកម្មខាងលើ ខណៈនោះទំនងជាឆ្លងចរន្តអគ្គិសនីពីខ្សែម៉ូទ័របណ្តាលឲ្យឆក់ជនរងគ្រោះ ដួលផ្ងារក្រោយ ដោយដៃដែលកាន់ម៉ូទ័រខ្ទាតម៉ូទ័រនោះ ទៅលើទ្រូងជនរងគ្រោះ ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង ក្រុមគ្រួសារជនរងគ្រោះមិនបានផ្តល់ដំណឹងមកកាន់សមត្ថកិច្ចនគរបាលមូលដ្ឋាននោះឡើយ រហូតរំលងបានមួយយប់ ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ខណៈបម្រុងលើកសាកសពជនរងគ្រោះដង្ហែយកទៅបូជា ទើបមកប្រាប់សមត្ថកិច្ច ។ ក្រោយមកនគរបាលមូលដ្ឋាន បានសហការជាមួយនិងនគរបាលជំនាញផ្នែកកោលស្យវិច្ឆ័យខណ្ឌចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែឆ្លងចរន្តអគ្គិសនីពីខ្សែម៉ូទ័រ បណ្តាលឲ្យឆក់ស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះកំពុងត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ស រស្មី