ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវដាក់កម្លាំងបើកការស៊ើបអង្កេតលើលោក សៅ សម្បត្តិ ប្រធានច្រករបៀងខុសច្បាប់ដើមត្នោតរឿងប្រមូលលុយស្រូវ

ចែករំលែក៖

ខេត្តតាកែវ ៖ លោក ហោ វិវឌ្ឍន៍ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវបានបញ្ជាកម្លាំងចុះបើកការស៊ើបអង្កេតលោកសៅ សម្បត្តិ ប្រធានច្រករបៀងខុសច្បាប់ដើមត្នោតរឿងប្រមូលលុយស្រូវពីប្រជាពល រដ្ឋដឹកយកទៅលក់នៅវៀតណាម ។

លោក ហោ វិវឌ្ឍន៍បានឲ្យដឹងថាមាន ព័ត៌មានពីប្រជាពលរដ្ឋដឹកស្រូវយកទៅ លក់នៅប្រទេសវៀតណាមតាមច្រកខាង លើរិះគន់លើលោក សៅ សម្បត្តិ ជាមន្រ្តីនគរ បាលនិងជាប្រធានច្រករបៀងខុសច្បាប់ ដើមត្នោតថាប្រមូលលុយពីពួកគាត់បង់ពន្ធ ជូនរដ្ឋនិងអង្គភាពរបស់លោក ។ លោក បញ្ជាក់ថាទង្វើរបស់លោក សៅ សម្បត្តិជា អំពើខុសច្បាប់ព្រោះការប្រមូលលុយបង់ពន្ធជូនរដ្ឋត្រូវតែមានវិក្កយបត្រពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយ បើលោកសៅ សម្បត្តិ ប្រមូលលុយដោយគ្មានវិក្កយប័ត្រពីមន្ទីរ របស់លោកគឺជាអំពើពុករលួយទាំងស្រុងហើយ ។ លោកបន្ថែមទៀតថា បញ្ហានេះលោកដាក់កម្លាំងចុះស៊ើបអង្កេតហើយ ដើម្បីកុំឲ្យប្រជាពលរដ្ឋចោទមកខាងមន្ទីរ របស់លោកនិងជាពិសេសធ្វើឲ្យប៉ះពាល់ ដល់ស្ថាប័នលោក ។

លោកហោ វិវឌ្ឍន៍បានបញ្ជាក់ទៀតថាលោកនៅមិនទាន់ដឹងថាលោកសៅ សម្បត្តិមានលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃឲ្យចុះមកដាក់ប៉ុស្ដិ៍នៅច្រករបៀងខុសច្បាប់ដើមត្នោតដើម្បីប្រមូលលុយពីប្រជាពលរដ្ឋដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាម ឬអត់ទេ ។

គួរបញ្ជាក់ថាលោកសៅ សម្បត្តិជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត តាកែវហើយជាប្រធានច្រករបៀងខុសច្បាប់ដើមត្នោតស្ថិតនៅក្នុងឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។ បច្ចប្បន្នលោកសៅ សម្បត្តិបានដាក់កម្លាំងកូនចៅជាច្រើនឲ្យជំរិតទារលុយពីពលរដ្ឋដឹកស្រូវយកទៅលក់នៅ វៀតណាមដោយក្នុង១រថយន្តចាប់ពី៥ម៉ឺន រហូតដល់៣០ម៉ឺនរៀល ។

ជុំវិញករណីខាងលើលោក សៅ សម្បត្តិប្រធានច្រករបៀងដើមត្នោតបានឲ្យដឹងថាលោកអត់ខ្វល់ទេលោកប្រមូលលុយបង់ឲ្យទៅអង្គភាពរបស់លោកចង់អ្នកណាស៊ើប អង្កេតក៏ស៊ើបទៅព្រោះមេរបស់លោកជាអ្នកទទួលខុសត្រូវលោកមិនមែនធ្វើដោយចិត្ត ឯងនោះទេ ៕ ជីសូរកា

takeo-2


ចែករំលែក៖