ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថានអនុញ្ញាតឲ្យមន្ត្រីធនាគារអភិវឌ្ឍន៍អាសីុចូលជួបពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៦លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោក Bruce Dunn អ្នកឯកទេសបរិស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ីនៅទីក្រុងម៉ានីលនិងលោកស្រី Dang Thuy Trang អ្នកឯកទេសបរិស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា និងលោកស្រី Meerim Shakirova អ្នកវិភាគផ្នែកប្រតិបត្តិការសម្រាប់កម្មវិធីវិនិយោគព្រៃឈើនៃធនាគារពិភពលោកចូលជួប ពិភាក្សាការងារទាក់ទងនឹងការគ្រប់គ្រង ធនធានធម្មជាតិ និងគម្រោងវិនិយោគព្រៃឈើនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពី វឌ្ឍនភាពការងារដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានសម្រេចបាននាពេល កន្លងមកក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងធនធានធម្មជាតិជាអាទិ៍រួមមានការបញ្ឈប់ការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មីតាមរយៈការដាក់ចេញនូវបទបញ្ជាលេខ១ការត្រួតពិនិត្យនិងវាយតម្លៃគម្រោង វិនិយោគសម្បទានដីសេដ្ឋកិច្ច ការបង្ក្រាបនិងទប់ស្កាត់បទល្មើសកាប់ឈើខុសច្បាប់ និងការផ្ទេរមុខងារអភិរក្សនិងអភិវឌ្ឍន៍រវាងក្រសួងបរិស្ថាននឹងក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ។

លោករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះ គម្រោងវិនិយោគព្រៃឈើនៅកម្ពុជារបស់ ADB និង World Bank ហើយទន្ទឹមនឹងនោះ លោកក៏បានស្នើឱ្យធនាគារទាំងពីរពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុសម្រាប់ជួយដល់ការចុះបញ្ជីដីរដ្ឋទាំងអស់នៅកម្ពុជា សំដៅកាត់បន្ថយទំនាស់ដីធ្លីនិងបទល្មើសធនធានធម្មជាតិបន្ថែមទៀត។

លើសពីនេះទៅទៀតលោករដ្ឋមន្ត្រីបានស្នើសុំឱ្យ ADB និង World Bank បន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍផ្នែកកសិកម្ម បន្ថែមទៀតជាពិសេសការលើកកម្ពស់ការកែច្នៃនិងការនាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិ៕ ហេង សូរិយា

aes-3 aes-4


ចែករំលែក៖