ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ កម្លាំងគយចល័តសហការជា មួយកងរាជអាវុធហត្ថរាជធានីភ្នំពេញបាន ចុះប្រតិបត្តិការបន្ដចាប់រថយន្ដគ្មានបង់ពន្ធនៅតាមកន្លែងលក់រថយន្តនិងតាមដងផ្លូវតាមផ្ទះមួយចំនួនហើយជាលទ្ធផលឃាត់ រថយន្តស៊េរីទំនើបបានចំនួន៤គ្រឿងដែលអត់ពន្ធនៅខណ្ឌចំនួន៣ដូចជា ខណ្ឌពោធិ៍ សែនជ័យ ខណ្ឌ៧មករា ខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមន្ដ្រីគយចល័តដែលចុះប្រតិបត្តិការខាងលើនេះបានឲ្យ ដឹងថា រថយន្ដសេ៊រីទំនើបទាំង៤គ្រឿងនេះ ទី១-ម៉ាកតូយ៉ូតាកាមរី ពណ៌ស ស៊េរីឆ្នាំ ២០១២ ចាប់នៅផ្លូវឧកញ៉ានូកន ស្ថិត ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា, ទី២-ម៉ាកហាយឡេនឌ័រ ស៊េរីឆ្នាំ២០០៨ ចាប់ នៅផ្លូវលេខ១១១ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី៣-ម៉ាកតូយ៉ូតា កាមរី ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៦ និង ទី៤-ម៉ាកឡិចស៊ីស GS300 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ចាប់នៅផ្លូវលេខ២១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
ក្រោយប្រតិបត្តិការរួចមន្ដ្រីគយចល័ត ក៏បានអំពាវនាវឲ្យម្ចាស់យានយន្តដែលពុំទាន់បំពេញកាតព្វកិច្ចបង់ពន្ធមេត្តាចូល មកបង់ពន្ធ ហើយគ្រប់អាជីវករទាំងអស់ មេត្តាជ្រាបថារាល់ទំនិញនាំចូលដែលអាចដាក់លក់លើទីផ្សារបានត្រូវតែជាទំនិញ ដែលបានបង់ពន្ធរួច ។
គួរបញ្ជាក់ថា ករណីកម្លាំងគយចល័តចុះចាប់រថយន្តអត់ពន្ធនៅតាមផ្លូវសាធារណៈ តាមគេហដ្ឋាន ជាពិសេសនៅកន្លែងលក់ តូចធំនោះគេឃើញថាដូចជាមិនមានតម្លាភាពនោះទេដោយពេលខ្លះនៅពេលដែលក្រុមគយចល័តទាំងនោះចុះប្រតិបត្តិការជិះរថយន្តគ្មានស្លាកលេខផងដែរហើយ ពេលខ្លះចុះទៅចាប់ទំនិញ ឬកន្លែងលក់ រថយន្តស៊េរីទំនើបបានត្រឹមតែល្អមើល ប៉ុណ្ណោះ ព្រោះមិនដែលដកហូតរថយន្តឬ ទំនិញទាំងនោះទេ ហើយបាននិយាយប្រាប់អ្នកសារព័ត៌មានថាទំនិញ ឬរថយន្តទាំងនោះគឺមានឯកសារត្រឹមត្រូវ ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើង ដែរថា ករណីបែបនេះទំនងជាក្រុមគយ ទាំងអស់នោះទទួលបានលាភសក្ការៈពីអ្នកលក់រថយន្តនិងទំនិញដែលគ្មានបង់ពន្ធ ទាំងនោះហើយផងក៏មិនដឹង តែបើមិនបង់ ឲ្យពួកគាត់នោះទេច្បាស់ជាក្រុមមន្រ្តីគយទាំងនោះចុះចាប់មិនខានឡើយ។ ដូច្នេះ ហើយប្រជាពលរដ្ឋសង្ឃឹមថា មានតែអង្គ ភាពប្រឆាំងអំពើពុករលួយទេដែលអាច ត្រួតពិនិត្យមើលក្រុមគយទាំងនេះបាន ៕ ស ដារ៉ា