ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះ សម្រេចឱ្យម្ចាស់អាជីវកម្មបូមខ្សាច់ជួសជុលផ្លូវ បន្ទាប់ពីមានការតវ៉ា

ចែករំលែក៖

 

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោក អ៊ុំ អមរ៉ា ស្នងការរងខេត្ត បានចុះប្រតិបត្តិការ ដល់ទីតាំង អាជីវកម្ម ជួសជុលផ្លូវសង បន្ទាប់ពីមានការតវ៉ាបិទផ្លូវ ប្រឆាំងម្ចាស់ក្រុមហ៊ុនអាជីវកម្មបូមខ្សាច់ថា បានបំផ្លាញផ្លូវរបស់ពួកគាត់ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ។

ក្នុងការចុះប្រតិបត្តិការរបស់សមត្ថកិច្ចចម្រុះនាពេលនេះ បានធ្វើឡើង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងនគរបាលខេត្តសៀមរាបបានថ្លែងថា បន្ទាប់ពីមានការបិទផ្លូវរបស់អ្នកស្រុកបន្ទាយស្រី ដោយចោទក្រុមហ៊ុនអាជីវកម្មបូមខ្សាច់មួយចំនួនថា បានបំផ្លាញផ្លូវរបស់ពួកគាត់ជាអ្នកកសាងរួចមក អាជ្ញាធរខេត្ត ក៏បានបញ្ជាឱ្យ បង្កើតគណៈកម្មការមួយមានសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយព្រះរាជអាជ្ញារងម្នាក់ផងដែរ ដោយបង្គាប់ឱ្យក្រុមហ៊ុនខាងលើធ្វើផ្លូវសងពលរដ្ឋវិញ បើមិនដូច្នោះទេ អាជ្ញាធរនឹងត្រូវបិទអាជីវកម្មទាំងនោះចោលតែម្តង ព្រោះទីតាំងខាងលើ មិនទាន់មានច្បាប់អនុញាតនោះទេ។
លោកបន្តថា ទីតាំងបូមខ្សាច់ ស្ថិតនៅត្រង់ចំណុចក្បែរវត្តត្បែង ក្នុងភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានប្រមាណជាជិត ១០កន្លែង ដែលសុទ្ធសឹងតែគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ។

លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នសមត្ថកិច្ចបានចុះផ្អាកទីតាំងខាងលើបណ្តោះអាសន្នសិន ដោយតម្រូវឱ្យក្រុមហ៊ុនទាំងនោះរត់ច្បាប់ និងជាពិសេសធ្វើផ្លូវសងពួកគាត់វិញសិន ទើបអនុញ្ញាតិឱ្យ បើកអាជីវកម្មវិញ ។

គួររម្លឹកផងដែរថា កាលពីកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចក្បែរវត្តត្បែង ក្នុងភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានអ្នកភូមិប្រមាណជាង១០០នាក់លើកគ្នាឈរកាន់បដាបិទផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែងជាង២គីឡូម៉ែត្រ ដែលបាក់ស្រុត ជង្ហុកជ្រៅៗ ព្រមទាំងកន្លែងខ្លះ បណ្ដាលឱ្យ ប្រេះបែកលូ បង្ហូរទឹកទៀតផង ដែលពួកគេបានប្រឆាំងទៅនឹងការដឹកជញ្ជូនខ្សាច់បំផ្លាញផ្លូវពីសំណាក់ក្រុមឈ្មួញបូមខ្សាច់គ្មានច្បាប់អនុញាត តែងបើកបរឆ្លងកាត់ភូមិរបស់គាត់ជារៀងរាល់ថ្ងៃ ។

ជុំវិញទៅនឹងករណីខាងលើនេះដែរ ពួកគេនៅទន្ទឹងរង់ចាំមើលថា តើសមត្ថកិច្ចចម្រុះខាងលើ អាចដោះស្រាយបញ្ហាជូនពលរដ្ឋ រឿងក្រុមឈ្មួញដឹកខ្សាច់នេះបានដែរឬយ៉ាងណា ៕ ជានិរន្ដរ៍

srnews-post129

14585425_1988469798046254_277758877_n 14593757_1988469834712917_239194544_n srnews-post128 srnews-post130


ចែករំលែក៖