ភ្នំពេញ ៖ កម្មការិនីម្នាក់ បម្រើការងារនៅរោងចក្រ កាត់ដេរស្បែកជើង យុីហោ ជូស្តា បានរងរបួស ខណៈឱនរើសស្បែកជើង ភ្លាត់ស្នៀត ស្រាប់តែសក់ចូលទៅក្នុងម៉ាសុីន បណ្តាលឲ្យទាញ បករបើកស្បែកក្បាលសល់តែលលាដ៍ រងរបួសធ្ងន់ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅរោងចក្រ កាត់ដេរស្បែកជើង យុីហោ ជូស្តា ស្ថិតនៅតាមផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
នារីរងគ្រោះឈ្មោះ អុឹង ជីតា អាយុ ២១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រជូស្តា ផលិតស្បែកជើង ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្ត ព្រៃវែង ។
តាមសម្តីជនរងគ្រោះ ក្នុងស្ថានភាពរបួសអស់សក់ អស់ស្បែកក្បាលសល់តែលលាដ៍ នោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួនកំពុងឈរកាត់បាតស្បែកជើង ហើយនៅវេលាម៉ោងខាងលើ ខណៈដែលកំពុងបំពេញការងារ នាងឱនរើសបាតស្បែកជើងនៅក្រោម តែភ្លាត់ស្នៀត ស្រាប់តែសក់ បួងចូលទៅក្នុងម៉ាសុីនកាត់នោះ ទាញចូល របើកស្បែក អស់សក់ សល់តែលលាដ៍ ។ ភ្លាមៗនោះដែរ ត្រូវបានកម្មករក្បែរនោះ ចុចកុងតាក់ផ្តាច់ចរន្តភ្លើង ហើយត្រូវបានខាងក្រុមហ៊ុន ដឹកបញ្ជូនតាមរថយន្តរោងចក្រ ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យព្រះកុសុមៈ ។
ករណីខាងលើនេះ បើតាមការសាកសួរទៅអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន លោកមិនបានដឹងពត៌មាននេះឡើយ ដោយសារខាងភាគីរោងចក្រ លាក់បាំងព័ត៌មាន តែទោះជាយ៉ាងណាក៏ដោយ នារីរងគ្រោះ រួចផុតពីសេចក្តីស្លាប់ គ្រាន់តែសក់ ស្បែកក្បាល ត្រូវបាន ម៉ាសុីនទាញយកអស់រលីង ៕ សុខាសែនជ័យ