ខេត្តកណ្តាលៈ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ ២នាក់ទៀតរងរបួសយ៉ាងធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគ្នាពេញមួយទំហឹង នៅលើកំណាត់ផ្លូវបេតុងក្នុងបរិវេនក្រុមហ៊ុន7NG កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ភាគីបង្កជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FQ-0946 បើកបរដោយឈ្មោះ សឿន ប៊ុននឿន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិរកាទី១ ឃុំរកាជន្លឹងស្រុកខ្សាច់កណ្តាល (ស្លាប់) ។ អ្នករួមដំណើរជាមួយម្នាក់ឈ្មោះ រីធារី ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំជីបោល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (រងរបួសធ្ងន់) ។ ភាគីម្ខាងទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AC-4145 បើកបរដោយឈ្មោះ លន់ សុខលាង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិរាប ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង (ស្លាប់) និងអ្នករួមដំណើរជាមួយម្នាក់ភេទប្រុស មិនស្គាល់អត្តសញ្ញា(រងរបួសធ្ងន់) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FQ-0946 បើកបរតាមបន្តោយផ្លូវបេតុងក្នុងបរិវេនក្រុមហ៊ុន7NGក្នុងទិសដៅពីជើងទៅត្បូង ។ លុះដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកជាមួយម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AC-4145 បើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យបើកបរម៉ូតូទាំង២គ្រឿងស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម រីឯអ្នករួមដំណើររងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នករងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសាមុយដឹក បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាល ដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។
បច្ចុប្បន្នសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗខ្លួន ៕ ស្អាងជ័យ