ខេត្តមណ្ឌលគិរី ៖ ឈ្មួញឈើទាំងតូចទាំងធំនៅក្នុងខេត្តមណ្ឌលគិរីកំពុងញ័រញាក់ដូចកូនសត្វត្រូវទឹក ដោយសារតែប្រតិបត្តិការបង្ក្រាបជំនួញជួញដូរឈើប្រណីតយ៉ាងក្តៅគគុករបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងខេត្តភាគឦសានមួយនេះ ដូចភ្លៀងរលឹម ពោលគឺចាប់ទាំងឈើ និងចាប់ទាំងមនុស្សថែមទៀតផង ។
ជាក់ស្តែងនៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី៨ខែតុលាកន្លងទៅថ្មីៗនេះ នៅចំណុចអូរតេ ស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ កម្លាំង កងរាជអាវុធហត្ថបានស្ទាក់ចាប់រថយន្ត ធុនកូរ៉េ១គ្រឿងសង្ស័យថាមានលួចបង្កប់ឈើខុសច្បាប់ ព្រមទាំងមនុស្សពីរនាក់ក្នុងរថយន្តនោះផងដែរ ។
ជាលទ្ធផលសមត្ថកិច្ចបានប្រទះឃើញ មានទ្វារធ្វើអំពីឈើសុក្រំជាច្រើនវង់នៅ ក្នុងរថយន្តនោះ និងបានបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីទាំងមនុស្សនិងវត្ថុតាង ដើម្បីចាត់ការតាម នីតិវិធី ។
ចំពោះអ្នកបើកបរនិងអ្នករួមដំណើរ សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេគឺគ្រាន់តែគេដឹងថា ម្ចាស់រថយន្តខាងលើជាស្ត្រីម្នាក់មានស្វាមីជាអ្នកសារព័ត៌មានប្រចាំនៅខេត្តមណ្ឌលគិរី និង ជាឈ្មួញរកសុីឈើទ្វារបង្អួចដឹកចេញពីឃុំ ពូជ្រៃ ស្រុកពេជ្រាដាយ៉ាងសកម្ម ។
ជុំវិញរឿងរ៉ាវខាងលើនេះមហាជនកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងកំពុងចង់ដឹងថា តើសមត្ថកិច្ចក៏ដូចជាមន្ត្រីព្រៃឈើ ក្នុងខេត្តមណ្ឌលគិរីដែលដើរតួនាទីជានគរបាលយុត្តិធម៌នឹងមានចំណាត់ការយ៉ាងណាចំពោះឈ្ញួញឈើខាងលើនេះ?
មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មួយរូបដែលស្ថិតក្នុងប្រតិបត្តិការបង្ក្រាបនេះបានបង្ហើបថា ការពិតឈើទាំងអស់នោះជារបស់អ្នកយកព័ត៌មានប្រចាំខេត្តក្រចេះ មណ្ឌលគិរី តែឲ្យប្រពន្ធឈរឈ្មោះជាម្ចាស់ សិប្បកម្មកែច្នៃឈើដែលមានយ៉ាងហោចណាស់ក៏បីទៅបួនកន្លែងនៅឃុំពូជ្រៃ និងឃុំប៊ូស្រា ស្រុក ពេជ្រាដា ខេត្តមណ្ឌល គិរី តែជ្រកក្រោម ឈ្មោះប្រពន្ធ និងប្អូនថ្លៃ ហើយអ្នកយកព័ត៌មានម្នាក់នោះនៅពីក្រោយដើម្បីកាងព្រោះតែអាងខ្លួនជាអ្នករាយការណ៍ព័ត៌មានឲ្យ ទូរទស្សន៍ ។
ប្រភពដដែលបានបន្តថាកន្លងមកឈ្មោះនេះតែងតែយកឈ្មោះថ្នាក់ដឹកទូរទស្សន៍ មកគំរាមសមត្ថកិច្ចធ្វើឲ្យសមត្ថកិច្ចឈឺ ក្បាលជាខ្លាំង ៕ សេនាស័ក្តិ