ភ្នំពេញ: បុរសជនជាតិអង់គ្លេសម្នាក់ ជាមេការរមណីយដ្ឋានតាតៃ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីស៊ើបអង្កេតករណីបើករថយន្តបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ។
បុរសជនជាតិអង់គ្លេសរូបនេះឈ្មោះ WALLACE ANDREW អាយុ៤៣ឆ្នាំ ជនជាតិអង់គ្លេស មុខរបរមេការរមណីដ្ឋានតាតៃ ។
គួររំលឹកថា កាលពីវេលាម៉ោង២២៖១០នៅត្រង់ចំណុចផ្លូវលេខ៥៩២ ខ្វែងផ្លូវលេខ៣១៧ សង្កាត់បឹងកក់២ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AC-1417 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩២ ពីទិសខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១៧ ពីទិសខាងលិចទៅកើត ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1M-2202 បើកបរដោយឈ្មោះ យន់ តុលា ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិត មានទីលំនៅភូមិពន្សាំង ឃុំជើងកូន ស្រុកសំរោង ខេត្តតាកែវ និងរួមដំណើរជាមួយឈ្មោះ ហេង រ៉ាវុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ជានិស្សិត មានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ករណីនេះបណ្តាលឲ្យ អ្នកបើកម៉ូតូរងរបួសធ្ងន់ សម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត និងអ្នករួមដំណើរស្លាប់នៅកន្លែងកើតហេតុ ។ មូលហេតុ រថយន្តបើកបរលឿនលើផ្លូវខ្វែង និងស្ថិតក្នុងស្ថានភាពស្រវឹងអាត្រាជាតិអាល់កុល0.40Mg/L ៕ ចេស្តា